លោក ស សុខា ណែនាំឱ្យពិនិត្យលទ្ធភាពបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសិក្សា និងពិនិត្យទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ១១៥ដុល្លារ ។ នេះ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន FN នៅថ្ងៃនេះ ។

ការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ លោក ស សុខាថ្លែងថា «ចំពោះលិខិតឆ្លងដែន ខ្ញុំគិតថា យើងគួរសិក្សាដើម្បីទម្លាក់តម្លៃជាងនេះបន្ដិច ខណៈបច្ចុប្បន្នតម្លៃជាង១០០ដុល្លារ»។

គួរជម្រាបថា លិខិតឆ្លងដែន គឺជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស។ បច្ចុប្បន្នសេវាក្នុងការធ្វើលិខិតឆ្លងដែន មានតម្លៃ១១៥ដុល្លារ ដោយប្រើប្រាស់ពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទលឿនតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់ មានសុពលភាព១០ឆ្នាំ នៃការប្រើប្រាស់៕