សារព័ត៌មានខ្មែរឈានមុខ សូមជូនអត្ថបទផ្លូវច្បាប់មួយពាក់ព័ន្ធថា តើរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌរដ្ឋដែរឬទេ? អត្ថបទនេះ គឺត្រូវបានរៀបរៀង និងចងក្រងឡើងក្នុងគោលដៅនិងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងដល់សាធារណជនឱ្យមានការយល់ដឹងពាក់ព័ន្ធនឹងករណីនេះ ស្របពេលដែលបញ្ហានេះ ក៏ជាចម្ងល់ដែលសាធារណជនមួយចំនួនមានចម្ងល់នាពេលកន្លងមកនេះ។
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ ក្នុងឆ្នាំ២០០២ មក រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តនូវក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងឆ្នាំ២០០៥ ហើយក្នុងឆ្នាំ២០០៨ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដែលក្របខ័ណ្ឌយុទ្ធសាស្រ្ត និងច្បាប់នេះ បានផ្តល់ជាមូលដ្ឋានគតិយុត្តរឹងមាំមួយ និងបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្តកំណែទម្រង់ខាងលើក្នុងលក្ខណៈទូលំទូលាយជាងមុន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅធានាឲ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមប្រកបដោយចីរភាព ដើម្បីកាត់បន្ថយភាពក្រីក្រដែលមានអត្រាខ្ពស់នៅតាមទីជនបទ ។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល ១០ ឆ្នាំ (២០១០–២០១៩) ដើម្បីគាំទ្រដល់ដំណើរការកំណែទម្រង់ខាងលើ។ ទន្ទឹមនោះ ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវបានបង្កើតក្នុងឆ្នាំ២០១៦ និងក្នងឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីផ្តល់សិទ្ធិអំណាច គោលការណ៍ បែបបទ និងនីតិវិធី ដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានសមត្ថភាព ផលិតភាពប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នេះហើយ ជាមូលដ្ឋានគតិយុត្តដ៏ចាំបាច់មួយ ផ្តល់សិទ្ធិអំណាច និងសមត្ថកិច្ចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អាចអនុវត្តវិធាននានាក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ រួមមានដូចជា ការជ្រើសរើសក្របខ័ណ្ឌថ្មី ការតាំងស៊ប់ក្នុងក្របខ័ណ្ឌ ការតែងតាំង និងបញ្ចប់មុខតំណែង ការដំឡើងឋានន្តរស័ក្តិ–ថ្នាក់ ការលុបឈ្មោះដោយមរណភាព ដោយការស្នើសុំ និងការអនុវត្តទណ្ឌកម្មវិន័យ និងការដាក់មន្រ្តីឲ្យចូលនិវត្តន៍ ជាដើម។
ផ្អែកតាមខ្លឹមសារនៃព្រះរាជក្រឹត្យនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ក្រុមមន្រ្តីចំនួន ០៤ ប្រភេទ តាមគោលការណ៍ បែបបទ និងនីតិវិធី ដូចខាងក្រោម៖
-
ក្រុមទី១៖ មន្រ្តីរាជការស៊ីវិល របស់ក្រសួងស្ថាប័នដែលត្រូវបានតែងតាំង ឬចាត់តាំងដោយរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ ឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងស្មៀនឃុំសង្កាត់។ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់ថា ការតែងតែង ផ្ទេរភារកិច្ច និងបញ្ចប់ភារកិច្ចមុខតំណែងខាងលើ ជាសមត្ថិកិច្ចរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តាមរយៈការចេញប្រកាស អនុក្រឹត្យ និងព្រះរាជក្រឹត្យ។ ដូចនេះ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិត្រឹមលើកសំណើសុំទៅក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។
-
ក្រុមទី២៖ បុគ្គលិកជាមន្រ្តីរាជការស៊ីវិល ដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងបំពេញការងារស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ចាប់ពីមុខតំណែងជា នាយករងរដ្ឋបាលសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់មុខតំណែងជាមន្រ្តី ដែលមានចំនួនសរុបប្រមាណ ៦២០០ នាក់។ ដោយមន្រ្តីក្នុងមុខតំណែងខាងលើ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចនីមួយៗ(រដ្ឋបាលខណ្ឌ មិនមែនជារដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចទេ) មានសិទ្ធិក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ក្រុមមន្រ្តីខាងលើ តាមរយៈការចេញដីការបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុករបស់ខ្លួន ។
- ក្រុមទី៣៖ បុគ្គលិកជាមន្រ្តីរាជការស៊ីវិល នៃក្រសួងស្ថាប័ន ដែលត្រូវបានផ្ទេរតាមដំណើរការនៃការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ កន្លងមក គ្រូបង្រៀនចំនួនប្រមាណ ៥០០០ នាក់ (មតេយ្យសិក្សា បឋមសិក្សា និងកម្មវិធីអប់រំក្រៅប្រព័ន្ធនៅខេត្តបាត់ដំបង) មន្រ្តីសុខាភិបាល ចំនួនប្រមាណ ២០១២៤ នាក់ និងបុគ្គលិកការិយាល័យជំនាញនៅតាមក្រុង ស្រុក ខណ្ឌចំនួន ប្រមាណ ៧៧០០ នាក់ ត្រូវបានផ្ទេរពីក្រសួងសាមី មកស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិក្រោមកិច្ចសម្របសម្រួលរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ ដូចនេះ រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចនីមួយៗ មានសិទ្ធិក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ តាមរយៈការចេញដីការបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុករបស់ខ្លួន ។
-
ក្រុមទី៤៖ បុគ្គលិកមិនមែនជាមន្រ្តីរាជការស៊ិវិល រួមមាន មន្រ្តីជាប់កិច្ចសន្យា ទីប្រឹក្សាបច្ចេកទេសដែលត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្រាប់មន្រ្តីស្ថិតក្នុងក្រុមទី៤ នេះ រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចនីមួយៗ មានសិទ្ធិក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ តាមរយៈការចេញដីការបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុករបស់ខ្លួន ដោយឡែកតែការទទួលស្គាល់មន្រ្តីជាប់កិច្ចសន្យា ត្រូវចេញដោយដីការដ្ឋបាលរាជធានី–ខេត្តប៉ុណ្ណោះ តាមការកំណត់ក្នងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា។
ជារួម រដ្ឋបាលថ្នាក់ក្រោមជាតិពិតជាមានសិទ្ធិក្នុងការអនុវត្តវិធាននានាសម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រុមមន្រ្តីទី២ ទី៣ និងទី៤ ខាងលើ ដូចជា ការជ្រើសរើសក្របខ័ណ្ឌថ្មី ការតាំងស៊ប់ក្នុងក្របខ័ណ្ឌ ការតែងតាំង និងបញ្ចប់មុខតំណែង ការដំឡើងឋានន្តរស័ក្តិ–ថ្នាក់ ការលុបឈ្មោះដោយមរណភាព ដោយការស្នើសុំ និងដោយការអនុវត្តទណ្ឌកម្មវិន័យ និងការដាក់មន្រ្តីឲ្យចូលនិវត្តន៍ ជាដើម។ ប៉ុន្តែការអនុវត្តវិធានទាំងនោះ ត្រូវអនុវត្តឲ្យស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលមានកំណត់ក្នុងសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ ស្តីពីគោលការណ៍ បែបបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕ អត្ថបទ ៖ ពន្លក