គិតត្រឹមថ្ងៃទី៣១ ខែសីហានេះ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ជាង៣៥% ហើយ

កោះកុង៖ គិតត្រឹមថ្ងៃទី៣១ ខែសីហានេះ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ប្រមាណ ៣៥%ហើយ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ខែកញ្ញា។

បើតាមក្រសួង តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។

ភាពយឺតយ៉ាវនេះបណ្តាលមកពីកត្តាភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែមទំហំការងារមួយចំនួន។

ជាការឆ្លើយតប ទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ​ និងដឹកជញ្ជូន ក៏បានក្រើនរលឹកដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវអនុវត្តការងារសាងសង់គម្រោងឱ្យបានចប់រួចរាល់ តាមផែនការដែលបានស្នើសុំ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានចុះសិក្សាពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែលមានប្រវែងប្រមាណ ១៩០០មផងដែរ៕