សម្តេច ហ៊ុន សែន៖ សូមមានការប្រុងប្រយ័ត្នលើភាពអគុណធម៌សម្រាប់ការរៀបចំមន្រ្តីក្នុងអាណត្តិថ្មី

ភ្នំពេញ៖ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលលើបណ្តាញតេឡាក្រាមរបស់សម្តេចនៅថ្ងៃទី៣០ សីហានេះ ពាក់ព័ន្ធនឹងការរុះរើមន្រ្តីរបស់រដ្ឋាភិបាលអាណត្តិទី៧នេះ។

សម្រាប់សម្តេច ហ៊ុន សែន លោក គាំទ្រការកែទម្រង់តែលោកមិនគាំទ្រការរៀបចំណាមួយដែលខ្វះការឱ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុ។

ក្នុងសារដដែល សម្តេច សង្កត់ធ្ងន់ថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្រ្តីបន្តវេនតាមស្ថាប័នសូមមានការប្រុងប្រយ័ត្នលើភាពអគុណធម៌សម្រាប់ការរៀបចំមន្រ្តីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃទី១០ សីហា ឆ្នាំ២០២៣ ពេលជួបជុំមុនពេលគណរដ្ឋមន្រ្តីថ្មីត្រូវបានរៀបចំ»៕