និយាយក្នុងនាមមេដឹកនាំកម្ពុជា មិនមែនក្នុងក្របខណ្ឌប្រធានអាស៊ានឆ្នាំ២០២២, សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្យាករណ៍ថា បញ្ហានយោបាយនៅប្រទេសមីយ៉ាន់ម៉ាក្នុងពេលបច្ចុប្បន្ននេះ អាចនឹងត្រូវចំណាយពេលវេលាចន្លោះពី៥ទៅ១០ឆ្នាំ ទើបអាចដោះស្រាយរួច ប្រសិនបើយន្តការនៃការដោះស្រាយនៅតែបន្តធ្វើដូចពេលបច្ចុប្បន្ននេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧កន្លែង នៅក្រចេះ និងព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា “ចាំមើលទៅ ខ្ញុំវ៉ៃក្រឡាទុកឱ្យ ៥ឆ្នាំទៀត ប្រសិនបើធ្វើរបៀបនេះ ៥ឆ្នាំទៅ១០ឆ្នាំឡើងលើ ចាំមើលទៅប្រសិនបន្តធ្វើដំណើរការបែបនេះ ប៉ុន្តែខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែនក្នុងនាមប្រធានអាស៊ានទេ”។
ជាមួយគ្នានេះ សម្តេច បានសង្កត់ធ្ងន់ថា “សូមកុំចងភ្ជាប់ខ្ញុំជាមួយប្រធានអាស៊ាន ប៉ុន្តែចក្ខុវិស័យរបស់ ហ៊ុន សែន ច្បាស់ណាស់ប្រសិនបើបន្តបែបនេះតទៅទៀត ៥ទៅ១០ឆ្នាំទៀតប្រហែលជាមិនទាន់ឃើញពន្លឺសន្តិភាពនៅមីយ៉ាន់ម៉ាទេ”។
ដោយឡែកទាក់ទងអំពីករណីបុគ្គលមួយចំនួនរិះគន់ទៅលើការអត្ថាធិប្បាយលោកស្រីប្រេសិតពិសេសអង្គការសហប្រជាជាតិ ដែលលើកឡើងអំពីការបែងចែកអំណាចដល់ក្រុមយោធានោះ សម្តេចថា មានន័យថា អ្នកនោះកំពុងព្យាយាមកម្ចាត់ចោលទាំងស្រុងនូវកម្លាំងកងទ័ពមីយ៉ាន់ម៉ាតែម្តង។ ត្រង់ចំណុចនេះ សម្តេចបានដាក់ជាចម្ងល់ថា អញ្ចឹងតើនេះជាចំណុចបង្រួបបង្រួមជាតិ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី “សូម្បីតែប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយប៉ុណ្ណឹង អ្នកឯងចាប់ផ្តើមវ៉ៃទៅហើយ អញ្ចឹងប្រធានអាស៊ានក៏អត់ធ្វើអីកើត ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ធ្វើអីអត់កើត អញ្ចឹងទេមានតែនៅមីយ៉ាន់ម៉ាបន្តមានមនុស្សស្លាប់តែប៉ុណ្ណោះ ស្លាប់ដោយបាញ់គ្នា ស្លាប់ដោយអត់បាយ ដែលក្លាយទៅជាវិបត្តិមនុស្សធម៌ នៅពេលខាងមុខ”៕