ជាងសំណង់ចំនួន០២នាក់ រងរបួសធ្ងន់ ដោយជញ្ជាំងរលំសង្កត់ពីលើ

ពោធិ៍សាត់៖ ជាងសំណង់ចំនួន០២នាក់ កំពុងសាងសង់ផ្ទះជូនម្ចាស់ទីតាំង ស្រាប់តែត្រូវជញ្ជាំងដែលបានរៀបរួចហើយបាក់រលំសង្កត់ពីលើ បណ្តាលឲ្យរងរបួសធ្ងន់ ហេតុការណ៍កើតឡើងនៅភូមិ ពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសពីរនាក់ ជាជាងសំណង់ បានមកធ្វើការសាងសង់ផ្ទះ ឲ្យម្ចាស់ទីតាំងស្ថិតក្នុងភូមិ.ឃុំខាងលើ ដោយពេលកំពុងសាងសង់បុរសជាជាងម្នាក់ បានផ្អែកនឹងជញ្ជាំងដែលបានរៀបរួច ខណៈនោះ ជញ្ជាំងនោះ ស្រាប់តែបាក់រលំសង្កត់ជាងសំណង់ទាំងពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់។

យោងតាមរបាយការណ៍របស់ លោក សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា បុរសជាជាងសំណង់ទាំងពីរនាក់ ទី១ឈ្មោះ លី សុខនេន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ ទី២ឈ្មោះ វង់ ថុល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្នជនរងគ្រោះសមត្ថកិច្ច បានជួយ សង្គ្រោះរួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕