លោក ជីវ កេង អនុប្រធានតុលាការកំពូលបច្ចុប្បន្ន ក្លាយជាប្រធានស្តីទីតុលាការកំពូល បន្ទាប់ពីលោក ឌិត មុន្ទី ចូលនិវត្តន៍

ភ្នំពេញ៖ លោក ជីវ កេង អនុប្រធានតុលាការកំពូល ត្រូវបានបង្គាប់ ឱ្យទទួលបន្ទុកជាប្រធានស្តីទី តុលាការកំពូល រហូតដល់មានការតែងតាំងប្រធាន ជាផ្លូវការ។ នេះបើតាមការលិខិត បង្គាប់របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

ការបង្គាប់ ឱ្យលោក ជីវ កេង ក្លាយជាប្រធានតុលាការកំពូលស្តីទីនេះ បន្ទាប់ពីលោក ឌិត មុន្ទី មានអាយុ ៧៤ ឆ្នាំ ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រេចដាក់ឱ្យ ចូលនិវត្តន៍ តាមការស្នើសុំរបស់សាមីខ្លួន គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

លោក ឌិត មុន្ទី នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានសរសេរលិខិតទទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្នើសុំ ចូលនិវត្តន៍ដោយស្ម័គ្រចិត្តពីតួនាទីតុលាការកំពូល ។

ក្នុងលិខិតរបស់លោក ឌិត មុន្ទី បានសរសេរថា ៖ « បច្ចុប្បន្ននេះ ទូលព្រះបង្គំមានអាយុកាន់តែច្រើន គួបផ្សំនឹង បញ្ហាសុខភាព ដែលធ្វើឱ្យទូលព្រះបង្គំមានការបារម្ភខ្លាចមិនអាចបំពេញតួនាទីក្នុងស្ថាប័នដ៏សំខាន់មួយ នេះអោយបានពេញលេញដូចពេលមុន។សេចក្តីដូចបានក្រាបបង្គំទូលថ្វាយខាងលើ ទូលព្រះបង្គំសូមព្រះរាជានុញ្ញាតដល់ទូលព្រះបង្គំ ចូល និវត្តន៍ដោយស្ម័គ្រចិត្ត ពីតួនាទីជាប្រធានតុលាការកំពូល ស្របតាមមាត្រា៦២ នៃច្បាប់ស្តីពី លក្ខន្ដិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ដោយព្រះរាជអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត»។

សូមរំលឹកថា លោក ជីវ កេង ត្រូវបានផ្លាស់ប្តូរដោយដំឡើងឋានៈជាអនុប្រធានតុលាការកំពូល ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីកាន់ដំណែងជាប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញអស់រយៈពេលពីរអាណត្តិ៕