យុទ្ធនាការសម្ភាសន៍ផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងចាប់ផ្តើមនៅថ្ងៃស្អែក

ភ្នំពែញ៖ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានកិច្ចសហការពីកម្មវិធីសហ ប្រជាជាតិរួមគ្នា ស្ដីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ប្រចាំកម្ពុជា, ឡាវ, និងម៉ាឡេស៊ី, ក្រុមការងារ អន្តរក្រសួង-ស្ថាប័ន រួមមានក្រសួងផែនការ, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, និង សាលារាជធានីភ្នំពេញ នឹងរួមគ្នាបើកយុទ្ធនាការសម្ភាសផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព និង ដែលឆ្លើយតបនឹងលក្ខខណ្ឌ។

យុទ្ធនាការនេះនឹងចាប់ផ្តើមនៅ ថ្ងៃទី ១១-១២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណងផ្តល់ឱកាសជូនបុគ្គលបម្រើការក្នុងសេវា កម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបាននូវការគាំពារផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃ នៅតាម មូលដ្ឋានសុខាភិបាលសាធារណៈ និងអត្ថប្រយោជន៍គាំពារសង្គមផ្សេងៗទៀត ពីរាជរដ្ឋាភិបាល ដោយឈរលើ គោលការណ៍ “ មិនបោះបង់ពលរដ្ឋណាម្នាក់” ។

ក្នុងន័យនេះ សូមសាធារណជន ជាពិសេសបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ រួមមានទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ ដើម្បីឱ្យបុគ្គដែលបម្រើការក្នុងសេវាកម្សាន្តដែលមានការលំបាកផ្នែកជីវភាពនេះ មកចុះឈ្មោះ បានទាន់ពេល។

សម្រាប់សារព័ត៌មានមានបំណងចូលរួមយកព័ត៌មានសូមទាក់ទងតាមរយះលេខទូរសព្ទ ០១២ ៨១៩ ៥៤៩ ឬ ០៧០ ២០៦ ៧៤៦៕