លោក ហ៊ុន ម៉ានី បុត្រាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនៅថ្ងៃទី១៣ កុម្ភៈនេះ ថា កម្ពុជាមិនដែលបំផ្លាញប្រទេសណាមួយឡើយ។ ទោះខ្លួនស្ថិតក្នុងសភាពជាជនរងគ្រោះ។ លោកថា កម្ពុជាបានបន្តចូលរួមចំណែកជាវិជ្ជមានជាមួយប្រទេសជាមិត្ត និងពិភពលោកក្នុងកិច្ចការកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់ ឈានឆ្ពោះទៅរកវិបុលភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។
លោក បានបន្តថា ជាអាទិ៍ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់ កម្ពុជាបានចូលរួមចំណែករំលែកទុក្ខលំបាកបណ្តាប្រទេសជាមិត្ត តាមរយៈការចែករំលែកនូវសម្ភារបរិក្ខារពេទ្យ ថ្នាំសង្កូវ និងឧបករណ៍ការពារផ្សេងៗដែលខ្លួនទទួលបានយ៉ាងលំបាក។
កម្ពុជា ក៏បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាប្រធានអាស៊ាន ចូលរួមដោះស្រាយជម្លោះនៅមីយ៉ាន់មា ធ្វើយ៉ាងណាធានាឲ្យបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។ នេះគឺជាបញ្ជាក់របស់លោក ហ៊ុន ម៉ានី។
លោក បានបន្តថា កម្ពុជាយល់ពីតម្លៃសន្តិភាព ដោយកម្ពុជា មាននូវមគ្គុទ្ទេសក៍សន្តិភាពដ៏ប៉ិនប្រសព្វ នោះគឺសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕