លោក កើត រិទ្ធ ធ្វើសារលិខិតជូនពរសម្ដេច ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើត ក្នុងជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានធ្វើសារលិខិតជូនពរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតរបស់ សម្តេច ក្នុងជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំដែលនឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងសារលិខិតរបស់លោក កើត រិទ្ធ ចុះថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ បាន សរសេរថា៖ “សម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីនៃសាលាជម្រះក្ដីគ្រប់លំដាប់ថ្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវ ការអបអរសាទរប្រកបដោយមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង និងសូមសម្ដែងនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតរបស់ សម្តេចតេជោ ក្នុងជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ”។

សារលិខិតដដែលបានសរសេរបន្តថា៖ “ នៅក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានប្រជាជនកម្ពុជាចាត់ទុកជា “បិតាសន្តិភាពរបស់កម្ពុជា” ដែលបានលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ជាពិសេស សម្ដេចតេជោ បានយក ជីវិតធ្វើជាដើមទុន ដើម្បីដឹកនាំការតស៊ូគ្រប់បែបយ៉ាងនៅគ្រប់សមរភូមិ ទាំងយោធា, ទាំងការទូត និងនយោបាយ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេស ការសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា, ការស្តារ និង ការកសាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យ, ការធ្វើឱ្យប្រជាជាតិរស់រានឡើងវិញប្រកបដោយកិត្តិយស ស្មើមុខ និងស្មើសិទ្ធិនឹងប្រទេសដទៃ និងប្រកបដោយកិត្យានុភាព នៅក្នុងឆាកអន្តរជាតិ, ការពន្លត់បានទាំងស្រុងនូវសង្គ្រាម ដ៏រ៉ាំរ៉ៃ នាំមកនូវការបង្រួបបង្រួមជាតិ, ការឯកភាពជាតិ និងសន្តិភាពពេញបរិបូរណ៍នៅទូទាំងផ្ទៃប្រទេស”។
លិតខិតដដែល សរសេរបន្ថែម៖ “ទន្ទឹមនេះ, យើងខ្ញុំសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត និងចងចាំជានិច្ច ចំពោះការលះបង់ ដ៏ធំធេងរបស់ សម្ដេចតេជោ ដែលបានរៀបចំផ្ទេរនូវការដឹកនាំប្រទេសជាតិដល់អ្នកបន្តវេន ដើម្បីភាពសុខសាន្ត រយៈពេលវែងរបស់ប្រជាជនកម្ពុជា ក៏ដូចជា ការបន្តធានាថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសជាតិ”។

“ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។ នេះ បើយោងតាមសារលិខិតជូនពរ របស់លោក កើត រិទ្ធ៕