គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នៅថ្ងៃស្អែកនេះ ក្រោយមិនទទួលបានពាក្យបណ្តឹងពីគណបក្សនយោបាយ។

លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ប្រាប់ Khmer CM នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ ឱ្យដឹងថា ចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី១ ខែសីហា រហូតមកទល់ម៉ោង ៧ ព្រឹក ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣ នៃការបិទផ្សាយលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន មានរយៈពេល ៧២ ម៉ោង ទាំង គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនទទួលបានពាក្យបណ្តឹងពីគណបក្សនយោបាយទេ ។

លោកបន្តថា ក្រោយមិនទទួលបានពាក្យបណ្តឹងពីគណបក្សនយោបាយនេះ គ.ជ.ប នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩ ព្រឹកទៅនឹង ប្រកាសលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ជាផ្លូវការ ។

យោងតាមលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលគ.ជ.ប ប្រកាសបិទផ្សាយនៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣ បង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ច្រើនជាងគណបក្សនយោបាយផ្សេងៗ ដែលមានចំនួនជាង ៦លានសំឡេង ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ឈរលេខរៀងទី២ មានជាង ៧០ម៉ឺនសំឡេង។

តាមលទ្ធផលខាងលើនេះ គណបក្សប្រជាជនកម្ពុជា នឹងទទួលបាន ១២០ អាសនៈ នៅក្នុងរដ្ឋសភា រីឯគណបក្សហ៊ុនស៊ិនប៉ិច នឹងទទួល បាន ៥ អាសនៈ សម្រាប់រដ្ឋសភានីតិកាលទី ៧។ ចំណែកគណបក្សនយោបាយចំនួន១៦ ផ្សេងទៀត ទទួលបានសម្លេងគាំទ្រដែរ តែ មិនគ្រប់ចំនួនទទួលបានអាសនៈនៅក្នុងរដ្ឋសភា នោះទេ ។

ជុំវិញការបោះឆ្នោតនេះ នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ របាយការណ៍សង្ខេបស្តីពីការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក៏បានអនុម័តលើ ខ្លឹមសារបដា និង Poster គំរូប្លង់ការិយាល័យចុះឈ្មោះបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និង លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ដែលមាន របាយការណ៍ស្តីពីការផ្ទៀងផ្ទាត់ និងការប្រើប្រាស់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និង សេចក្តីសម្រេចស្តីពីការប្រកាសផ្សាយលទ្ធផលផ្លូវការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ជាមួយគ្នានេះ គ.ជ.ប ក៏បានអនុម័ត សេចក្តីសម្រេចស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតតាមមណ្ឌល ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ព្រមទាំង សេចក្តីសម្រេចស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕