ស្របពេលដែលសន្ទុះនៃការឆ្លងវីរុសអូមីក្រុងបានកើនឡើងជាខ្លាំងជារួមនៅលើពិភពលោក និងដោយឡែកនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានព្រមានថា សន្ទុះនៃការចម្លងវីរុសអូមីក្រុងនាពេលបច្ចុប្បន្ននេះ អាចទៅហួសបន្ទាត់ក្រហម នឹងធ្វើឱ្យបានបាត់បង់ជីវិតបានប្រសិនបើគ្មានវិធានការការពារឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពនោះទេ។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះរបស់ក្រសួងសុខាភិបាល។
បើតាមលោករដ្ឋមន្ត្រី វីរុសអូមីក្រុងនេះ បានគ្រប់ដណ្តប់លើវីរុសអាល់ហ្វា និងដែលតាស្ទើរតែទាំងអស់ទៅហើយ ហើយការចម្លងវីរុសប្រភេទមួយនេះ គឺមានសភាពលឿនជាងប្រភេទដែលតាផងដែរ ហើយជាក់ស្តែងវីរុសប្រភេទនេះបាននឹងកំពុងចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យកំណើននៃអ្នកឆ្លងវីរុសនេះមានការកើនឡើងជាបន្តបន្ទាប់។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ថា បញ្ហាសុខភាពសាធារណៈ អាចនឹងមានសភាពធ្ងន់ធ្ងរប្រសិនបើមិនបានបង្កើនការការពារខ្លួនគ្រប់គ្នានោះ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “ការចម្លង នឹងអាចទៅហួសបន្ទាត់ក្រហមដែលអាចនឹងមានការស្លាប់បាត់បង់ជីវិតបាន បើទោះបីជាអ្នកឆ្លងអូមីក្រុងនេះ មានសភាពដូចជាស្រាលជាងដែលតាបន្តិចក៏ដោយ តែការស្លាប់បាត់បង់ជីវិតដោយសារអូមីក្រុងនេះ បានកើតមាននៅតាមបណ្តាប្រទេសនានានៅលើពិភពលោករួចទៅហើយដែរ”។
ប្រឈមនឹងស្ថានភាពបែបនេះ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលបានធ្វើតេស្តរហ័សដោយខ្លួនឯងហើយរកឃើញវិជ្ជមានកូវីដ១៩ និងបានអនុវត្តធ្វើការព្យាបាលនៅតាមផ្ទះ ប្រសិនបើស្រាលៗមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានអនុវត្តស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញនាពេលកន្លងមកនេះផងដែរ៕