ច្បាស់ហើយ! លោក ស៊ុន ចាន់ថុល និងលោក នេត សាវឿន នឹងក្លាយជាឧបនាយករដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុន រដ្ឋមន្រ្តីក្រសួងសាធារណការ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្ននេះ នឹងទៅកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី នៅពេលនាយករដ្ឋមន្រ្តីអាណត្តិថ្មីចូលកាន់តំណែង។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែសីហានេះ។

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅថ្ងៃទី៣ សីហានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា នៅពេលដែលលោក នេត សាវឿន ក្លាយជាឧបនាយករដ្ឋមន្រ្តី នោះមុខតំណែងជាអគ្គស្នងការនគរបាលជាតិនឹងត្រូវផ្លាស់ប្តូរ។ តែទោះបីជាយ៉ាងណាសម្តេចមិនបានបង្ហើបថាតើអ្នកជាអ្នកកាន់កៅអីនេះនោះទេ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែនបន្ថែមថា លោក ស៊ុន ចាន់ថុល ក៏ដូចគ្នាដែរ នឹងក្លាយជាឧបនាយករដ្ឋមន្រ្តី នៅពេលដែលនាយករដ្ឋមន្រ្តីថ្មីចូលកាន់តំណែង ហើយតំណែងរដ្ឋមន្រ្តីក្រសួងសាធារណការនេះ ក៏នឹងធ្លាក់ទៅអ្នកផ្សេងផងដែរ។

តំណែងរដ្ឋមន្រ្តីតាមក្រសួងជាច្រើនផ្សេងទៀត នឹងមានការផ្លាស់ប្តូរ នៅពេលដែលមន្រ្តីចាស់ៗនឹងត្រូវលាលែង ហើយទៅកាន់មុខតំណែងថ្មី ជាសាមជិករដ្ឋសភា និង ទីប្រឹក្សារាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន៕