សម្តេច ហ៊ុន សែន បញ្ជាក់ម្តងទៀតថា កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មី

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ដែលជិតផុតអាណត្តិពីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីមកដឹកនាំប្រទេសជំនួសសម្តេចហើយ គឺលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង។

តាមបណ្តាញតេឡេក្រាមនាថ្ងៃ២៨ កក្កដានេះ សម្តេចបញ្ជាក់ទៀតថា “ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មី បន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា” ។

សម្តេចក៏បានថ្លែងអំណរគុណជនរួមជាតិដែលបានផ្តល់សេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេច និងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣៕