សម្ដេច ហ៊ុន សែន៖ គោលនយោបាយកម្ពុជា-ចិន គ្មានអ្វីប្រែប្រួល ទោះបង្កើតរដ្ឋាភិបាលថ្មី

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បានធានាអះអាងថា គោលនយោបាយរបស់កម្ពុជា ចំពោះប្រទេសចិន គឺមិនផ្លាស់ប្ដូរឡើយ ក្រោយកម្ពុជាបង្កើតរាជរដ្ឋាភិបាលថ្មី ។

តាមរយៈសារលិខិតថ្លែងអំណរគុណរបស់គណបក្សប្រជាជនកម្ពុជា ផ្ញើទៅលោក ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដែលបានផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះជ័យជម្នះសាជាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត សម្ដេចបានអបអរសាទរចំពោះចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC) សម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចនូវគោលដៅ១០០ឆ្នាំទី២ ឆ្ពោះទៅសម្រេចនូវប្រជាជាតិដ៏រុងរឿងបំផុតក្នុងអនាគតដ៏ខ្លីខាងមុខ ក៏ដូចជាធានាបាននូវតួនាទីដ៏សំខាន់របស់ចិនក្នុងតំបន់ និងឆាកអន្តរជាតិ។

សម្ដេចបន្តថា «ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយសង្កេតឃើញថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយប្រទេសទាំងពីររក្សាបាននូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាពដែកថែប។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ខ្ញុំសូមធានាចំពោះ ឯកឧត្តមថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិនគឺមិនផ្លាស់ប្ដូរឡើយ»។

សម្ដេចក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ៕