ចុងសប្ដាហ៍ថ្ងៃទី១៧-២៣ ខែកក្កដា ទទួលបានភ្ញៀវជិត២៧ម៉ឺននាក់

ភ្នំពេញ៖  ចាប់ពីថ្ងៃទី១៧-២៣ ខែកក្កដា ឆ្នាំ២០២៣ ភ្ញៀវសរុបមានចំនួន២៦៩,៣៥៦នាក់ ក្នុងនោះភ្ញៀវជាតិ២២៩,៥១៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៩,៨៣៧នាក់។ នេះបើតាមក្រសួងទេសចរណ៍នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍បន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តបាត់ដំបង ៣៧,៤១០នាក់
* ខេត្តព្រះសីហនុ ៣៥,៨៤៩នាក់
* រាជធានីភ្នំពេញ ៣៣,៤៣៧នាក់
* ខេត្តកំពត ៣១,០៤៥នាក់
* ខេត្តសៀមរាប ២០,៣៥០នាក់
* ខេត្តកំពង់ស្ពឺ ១៦,០២៥នាក់
* ខេត្តពោធិ៍សាត់ ១៣,៩០៩នាក់។

ចំនួនភ្ញៀវទេសចរខាងលើ មានការថយចុះប្រមាណ ៩% ធៀបនឹងសប្តាហ៍កន្លងមក។ ការថយចុះខាងលើ ដោយសារប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមការបោះឆ្នោត។ ប្រជាពលរដ្ឋភាគច្រើនបានជួបជុំគ្នាហូបចុកនៅតាមូលដ្ឋានស្រុកកំណើតរបស់គាត់បន្ទាប់ពីបោះឆ្នោតរួច។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍មួយចំនួនបន្ទាប់ពីបោះឆ្នោតរួច ពិសេសទៅកាន់ខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន។ ជាក់ស្តែង យោងតាមរបាយការណ៍ចរាចរណ៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានរថយន្តចំនួន២០,៤៩៤គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន៕