លោក សុខ ឥសាន ៖ ការគូសខ្វែងសន្លឹកចោល ដោយសារមនុស្សចាស់ៗគូសច្រឡំ

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់លើការគូសខ្វែងសន្លឹកឆ្នោតចោលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) រកឃើញជាង៤០ម៉ឺនសន្លឹក ខណៈលោក សម រង្ស៊ី អះអាងថាមានរហូតដល់ខ្ទង់៤លានសន្លឹកនោះ ដោយសារតែប្រជាពលរដ្ឋដែលមានវ័យចាស់ជរាពួកគាត់គូសច្រឡំតែប៉ុណ្ណោះ។

លោកសុខ ឥសាន បានឲ្យដឹងនៅថ្ងៃ២៥ កក្កដា ថា “នេះ(គូសសន្លឹកឆ្នោតចោល)ជារឿងធម្មតា នៃដំណើរការបោះឆ្នោតនៅក្នុងលទ្ធិប្រជាធិបតេយ្យវាតែងតែ មានប្រជាពលរដ្ឋមានការយល់ច្រឡំ ដោយលោកយាយលោកតាចាស់ៗ មានបញ្ហាស្មារតីគាត់គូសច្រឡំទៅ” ។

យោងតាមអ្នកនាំពាក្យគ.ជ.ប លោក សោម សូរីដា បានបង្ហាញថា ចំនួន សន្លឹកឆ្នោតក្នុងហិបសរុប 8.212.411 សន្លឹក ខណៈ ចំនួន សន្លឹកឆ្នោតបានការសរុប 7.772.615 សន្លឹក និង ចំនួន សន្លឹកឆ្នោតមិនបានការសរុប 440.999 សន្លឹក។

ទោះជាបែបនេះក្តី អ្នកសង្កេតការណ៍អន្តេរជាតិ ដែលមានចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទដល់កម្ពុជា ដែលបានរៀបចំការបោះឆ្នោតនេះ ប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និតម្លាភាព ព្រមទាំងមានរបៀបរៀបរយល្អ៕