ប្រទេសចិន អបអរសាទរជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣

ចិន៖ អ្នកនាំពាក្យកក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងល្អនិងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយរលូន ក៏ដូចជាសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន។

ការថ្លែងអបអរសារទរ របស់លោក លោកស្រី Mao Ning ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅថ្ងៃទី២៤ខែកក្កដា ឆ្នាំ ២០២៣ ដែលមានអ្នកសារព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ ? តើប្រទេសចិនមានការរំពឹងទុកអ្វីចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជានាពេលអនាគត?។

ឆ្លើយទៅនឹងសំនួរខាងលើនេះ លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងល្អនិងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយរលូន ក៏ដូចជាសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំដោយសម្តេច ហ៊ុនសែន និងសូមសម្តែងការអបអរសាទរជាមុនចំពោះទេសកម្ពុជាឱ្យបង្កើតរដ្ឋសភានិងរដ្ឋាភិបាលអាណត្តិថ្មីដោយរលូន ជឿជាក់ថា នៅថ្ងៃអនាគត ប្រទេសកម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងការអភិវឌ្ឍនិងកសាងប្រទេសជាតិ ក៏ដូចជានាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។

លោកស្រីបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិន-កម្ពុជាមានការកើនឡើងយ៉ាងល្អ ភាគីទាំងពីរមានការជឿទុកចិត្តគ្នាខ្ពស់ទៅវិញទៅមក កិច្ចសហប្រតិបត្តិការមានភាពស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមក បានរួមចំណែកលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ រក្សាបាននូវយុត្តិធម៌និងសច្ចៈធម៌លើឆាកអន្តរជាតិ បានក្លាយជាគំរូនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេសដែលប្រកបដោយមិត្តភាពនិងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោកស្រីបន្ថែមថា ឆ្នាំនេះគឺជាខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា “ឆ្នាំមិត្តភាពរវាងចិននិងកម្ពុជា” ប្រទេសចិនរីករាយរួមជាមួយប្រទេសកម្ពុជាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តវេនមិត្តភាពល្អពីមួយជំនាន់ទៅមួយជំនាន់ ពន្លឿនការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ។

លទ្ធផលបឋម និងក្រៅផ្លូវការពីបណ្តារាជធានីខេត្ត បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រីឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥អាសនៈ ខណៈគណបក្ស ១៦ ផ្សេងទៀត មិនទទួលបានអាសនៈនៅក្នុងរដ្ឋសភានោះទេ ៕