ក្រសួងការបរទេស កម្ពុជាចេញសេចក្តីថ្លែងការណ៍ការពារសមិទ្ធិផលនៃការបោះឆ្នោតកាលពីម្សិលមិញនេះ

ភ្នំពេញ៖​ ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៤​ កក្កដានេះ​ បានចេញសេចក្តីថ្លែងការណ៍កំរាស់ពីរទំព័រ​ ការពារសមិទ្ធិផលនៃការបោះឆ្នោតជាតិអាណត្តិទី៧​ កាលពីថ្ងៃទី២៣​ កក្កដា​ ម្សិលមិញនេះ​។ ក្រសួងចាត់ទុកការការបោះឆ្នោតសកលឆ្នាំ២០២៣នេះ​ គឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា។

សម្រាប់ក្រសួងការបរទេស​ អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក។ ក្នុងនោះអ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្រសួង​ បន្តថា​ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។

មួយវិញទៀត​ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញពីការបដិសេធយ៉ាងច្បាស់  ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត  និងយុទ្ធនាការលាបពណ៌ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ សិទ្ធិអធិបតេយ្យនិងស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរព ដោយតួអង្គខាងក្រៅទាំងអស់។

ក្រសួង​ បានបន្ថែមថា​ ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០.០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត។

អ្វីដែលសំខាន់ទៀតនោះ​ គឺថាដំណើរការបោះឆ្នោតនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃពហុបក្សនយោបាយពិតប្រាកដ   ដោយផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជា    និងគណបក្សនយោបាយរៀងៗខ្លួននូវឱកាសស្មើភាពនិងយុត្តិធម៌ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយ នៅក្នុងដែនកំណត់នៃច្បាប់។ នេះបេីតាមការលេីកឡេីងរបស់ក្រសួង។

ក្រសួងការបរទេសបន្ថែមទៀតថា ក្នុងនាមជាប្រទេសអធិបតេយ្យនិងឯករាជ្យ  កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដោយគិតគូរពីលក្ខណៈពិសេសដោយឡែក  ប្រវត្តិសាស្រ្តដ៏សោកនាដកម្ម និងវប្បធម៌របស់ប្រទេស៕