រដ្ឋបាលរាជធានីភ្នំពេញឯកភាពឱ្យប្រមូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគរសម្រាប់អាណត្តិ ១០ឆ្នាំបន្តទៀត

ភ្នំពេញ៖ យោងតាមសំណូមពររបស់អាជីវករលក់ដូរនៅផ្សារដើមគរសំណើសុំបង់ថ្លៃអាណត្តិថ្មី ដោយរក្សាតម្លៃចាស់កាលពីឆ្នាំ២០១១ (១០ឆ្នាំមុន) និងសុំបន្តសុពលភាពប័ណ្ណថ្មីរហូតដល់ឆ្នាំ២០៣១ (ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១) រដ្ឋបាលរាជធានីភ្នំពេញសូម ឯកភាពតាមសំណូមពរ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញឱ្យបានល្អប្រសើរថែមទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមធ្វើការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគរសម្រាប់អាណត្តិ ១០ឆ្នាំបន្តទៀត ដោយគិតចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១។

ទន្ទឹមនឹងនេះ គណៈកម្មការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នឹងចាប់ផ្តើមធ្វើការទទួលប្រាក់ ពីបងប្អូនអាជីវករចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ រៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការគណៈកម្មការផ្សារដើមគរ តាមរយៈគណនីលេខ ០០១០០០១៤៩៤៨៦៧ នៅធនាគារកាណាឌីយ៉ា ក.អ អ និងសូមយកប័ណ្ណកាន់កាប់តូប ស្តង់ ចាស់ដែលអស់សុពលភាពមក ប្តូរយកប័ណ្ណកាន់កាប់តូបស្តង់ថ្មី។ ករណីហួសកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញចាត់ទុកថា បងប្អូនអាជីវករបោះបង់សិទ្ធិកាន់កាប់តូប ស្តង់ របស់ខ្លួនដែលកំពុងប្រកបអាជីវកម្មបច្ចុប្បន្ន។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា បងប្អូនអាជីវករទាំងអស់ចូលរួមបង់ចំណូលថ្លៃជួល តូប ស្តង់ ស្របតាមសំណូមពររបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យបានរីកចម្រើនថែមទៀតតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕