ភ្នំពេញ៖ លទ្ធផលបឋម និងក្រៅផ្លូវការពីបណ្តារាជធានីខេត្ត បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រីឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥អាសនៈ ខណៈគណបក្ស ១៦ ផ្សេងទៀត មិនទទួលបានអាសនៈនៅក្នុងរដ្ឋសភានោះទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដានេះ ឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចដ៏រឹងមាំរយៈពេលជាង ៤ទសវត្សរ៍ នៅតែរក្សាបានការគាំទ្រពីប្រជាពលរដ្ឋមិនស្រកស្រុត។
លោកបន្តថា ជោគជ័យដ៏ខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺការបោះឆ្នោតឆ្នាំ២០១៨ ដោយទទួលបាន ១២៥/១២៥ អាសនៈ, ហើយបើតាមលទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោតឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជានៅតែទទួលបានអាសនៈស្ទើរតែទាំងអស់ គឺរហូតដល់ទៅ ១២០/១២៥ អាសនៈ។
លោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេច ហ៊ុន សែន និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនៅថ្ងៃទី២៤ ខែកក្កដា នេះ ឱ្យដឹងថា ផ្អែកតាមលទ្ធផលបណ្តោះអាសន្នមិនទាន់ផ្លូវការ ឃើញថាអត្រាអ្នកចេញទៅបោះឆ្នោតនៅទូទាំងប្រទេស មានចំនួន ៨៤,២១ % (គិតត្រឹមម៉ោង ១៦:១៧ នាទី)។
ទន្ទឹមនឹងនេះ លោក ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដោយបានផ្តល់យុត្តិធម៌ដល់គ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយបានជ្រើសរើសគណបក្សនយោបាយស្របតាមឆន្ទៈ និងការវិនិច្ឆ័យរបស់ខ្លួន។
លោកបន្តថា អត្រានៃអ្នកចេញទៅបោះឆ្នោត សរបញ្ជាក់ឱ្យឃើញជាក់ច្បាស់ថាប្រជាពលរដ្ឋពិតជាបានចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់អំណាចក្នុងការកំណត់ជោគវាសនាប្រទេសជាតិខ្លួន ដោយខ្លួនឯង។
លោកបន្ថែមថា ការយល់ច្បាស់ពីសារៈសំខាន់នៃការបោះឆ្នោត និងការប្រើប្រាស់សិទ្ធិនយោបាយមួយនេះយ៉ាងត្រឹមត្រូវ គឺជាការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវរបស់បងប្អូនប្រជាពលរដ្ឋ។ បើទោះបីជាមានជនមួយក្តាប់តូចព្យាយាមអុកឡុកដំណើរការបោះឆ្នោតតាមរយៈសកម្មភាពល្មើសផ្សេងៗ ដែលទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចមានតម្រូវការក្នុងការអនុវត្តច្បាប់ ក៏យើងសង្កេតឃើញថាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានាពេញលេញ ដោយគ្មានការរំខានឡើយ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការកោតសរសើរនិងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននាំគ្នាចេញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះយ៉ាងច្រើនកុះករ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ដែលចំនួននេះមានច្រើនជាងចំនួនអ្នកទៅបោះឆ្នោតឆ្នាំ២០២២។
លោកបញ្ជាក់ថា ការចេញទៅបោះឆ្នោតដ៏ច្រើនលើសលប់នេះ ឆ្លុះបញ្ចាំងពីការបំពេញកាតព្វកិច្ចនិងការអនុវត្តសិទ្ធិជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្តនិងជឿទុកចិត្តបានដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរុងរឿងសម្បូរសប្បាយថែមទៀត។
តាមរយៈសារពិសេស សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែកក្កដា បានបញ្ជាក់ថា ចំនួនប្រជាជនទៅបោះឆ្នោតនៅអាណត្តិទី៧ ឆ្នាំ២០២៣នេះ បើប្រៀបធៀបចំនួនប្រជាជនទៅបានចេញទៅបោះឆ្នោតកាលពីមានវត្តមានរបស់គណបក្សភ្លើងទៀនចូលរួម គឺលើកនេះប្រជាជនមានច្រើនលើសលុប ច្រើនជាងកាលពីមានគណបក្សភ្លើងទៀន។
សម្តេច បន្ថែមថា សម្តេច នឹងទន្ទឹងរង់ចាំមើលចំនួនសន្លឹកឆ្នោតដែលគូសខ្វែងដោយក្រុមបក្សប្រឆាំង តើប៉ុន្មានសន្លឹក ខណៈក្រុមបក្សប្រឆាំងថាសន្លឹកឆ្នោតដែលគូសខ្វែងនោះគឺជាសន្លឹកឆ្នោតដែលគាំទ្រដល់ពួកគេ។ ជាមួយគ្នានេះ បានផ្ញើសារសម្លេងប្រាប់ទៅសកម្មជនបក្សប្រឆាំងចំនួន ៣៧រូបឱ្យចេញមុខសារភាព ដើម្បីជៀសវាងវិធានការផ្លូវច្បាប់។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងវិទ្យាស្ថានជាតិអប់រំ នាល្ងាចថ្ងៃទី ២៣ ខែកក្កដា លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ ២០២៣ នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង និងសូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាស ល្អក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការនៃការ បោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
លោកបន្តថា ការបោះឆ្នោតមានរយៈពេលចាប់ពីម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង៣:០០ រសៀល។បន្ទាប់ពីការ បិទការ បោះឆ្នោតដំណើរ ការ រាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែងតាមនីតិវិធីនិង សេចក្តីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជា កំណត់ហេតុនៃ ការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបាន គណៈ កម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផងដែរ នៅមុខ ការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោ បាយបានថតរូបភាព និងចម្លងចូលលេខពីកំណត់ ហេតុនៃ ការរាប់ សន្លឹកឆ្នោតដែលបិទផ្សាយ ៕