គ.ជ.ប ចាប់ផ្តើមបើកដំណើរការកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ នៅមុនមួយថ្ងៃ នៃថ្ងៃបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានចាប់ផ្តើមបើកដំណើរការកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយផ្តើមចេញពីកម្មវិធីធ្វើបទបង្ហាញលើការងារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់អ្នកសង្កេតការណ៍អន្តរជាតិ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើបទបង្ហាញ ស្តីពីនីតិវិធីនៃដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល តួនាទីអ្នកសង្កេតការណ៍បោះឆ្នោត អំឡុងពេលដំណើរការបោះឆ្នោត និងការដោះស្រាយ បណ្តឹងពាក់ព័ន្ធ និងការបោះឆ្នោត ជូនអ្នកសង្កេតការណរអន្តរជាតិ។

ថ្លែងនៅក្នុងពិធីបើកដំណើរការកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិនេះ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានធ្វើការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ដែលបានមកតាមការអញ្ជើញរបស់ គ.ជ.ប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក បានបញ្ជាក់ថា ក្នុងក្របខណ្ឌប្រជាធិបតេយ្យ គ.ជ.ប កម្ពុជា បានប្រព្រឹត្តិទៅជាទៀងទាត់ នូវការបោះឆ្នោតជាតិ និងថ្នាក់ក្រោមជាតិ ដូចដែលបានកំណត់ក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្ថែមថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការបោះឆ្នោត ចំនួន ៤ រួមមាន ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលត្រូវប្រព្រឹត្តទៅរៀងរាល់៦ឆ្នាំម្តង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវប្រព្រឹត្តទៅរៀងរាល់ ៥ឆ្នាំ ម្តង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រព្រឹត្តទៅរៀងរាល់ ៥ឆ្នាំ ម្តងនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅរៀងរាល់៥ឆ្នាំម្តង។

លោកបានបន្ថែមថា នៅឆ្នាំនេះ កម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ហើយក្នុងការបោះឆ្នោតនេះមានមណ្ឌលបោះឆ្នោតចំនួន ២៥ ការិយាល័យបោះឆ្នោតចំនួន ២៣.៧៨៩ ការិយាល័យ និងមានមន្រ្តីការិយាល័យបោះឆ្នោតចំនួន ១៤២ ៧៣៤ នាក់ នៅទូទាំងប្រទេស។

ប្រធានបទដែល គ.ជ.ប ធ្វើបទបង្ហាញក្នុងកម្មវិធីនេះរួមមាន៖ដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត ធ្វើបទបង្ហាញដោយ លោក តុប ឬទ្ធី អគ្គនាយកនៃអគ្គនាយកសេវាកម្មច្បាប់ និងបច្ចេកទេស,តួនាទីអ្នកសង្កេតការណ៍បោះឆ្នោត អំឡុងពេលដំណើរការបោះឆ្នោត ធ្វើបទបង្ហាញដោយ លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណ:, នីតិវិធីក្នុងការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ធ្វើបទបង្ហញដោយ លោក កែ រឹទ្ធិ អគ្គនាយករង និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម។

សូមជម្រាបជូនថា បន្ទាប់ពីទទួលបានការធ្វើបទបង្ហាញទាំងអស់ខាងលើអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ នឹងអញ្ជើញចុះទៅសង្កេតមើលការរៀបចំការិយាល័យបោះឆ្នោតនៅរសៀលនេះ និងចុះទៅសង្កេតមើលការិយាល័យបោះឆ្នោតមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត៕