អាជ្ញាធរជាតិអប្សរាប្រកាសដាក់ដំណើរការសាកល្បងខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងបន្ទាយស្រី

សៀមរាប៖ ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរ គឺប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី។

សេចក្តីជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងសាធារណជនរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២០ ខែកក្កដា ឱ្យដឹងថា ខ្សែទស្សនាថ្មីនេះ គ្រោងនឹងដាក់ឱ្យដំណើរការ សាកល្បងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា តាមរយៈនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើរ រនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវ ។ល។ ត្រូវបានរៀបចំថ្មី បន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។ ខ្សែទស្សនាថ្មីមានជម្រើសដូចខាងក្រោម៖

១. ប្រាសាទអង្គរវត្ត មានបីជម្រើសដូចជា ខ្សែទស្សនារយៈពេលខ្លី “ទិសដៅទស្សនាបែបទេសចរ” រយៈពេល ២ម៉ោង ។ ខ្សែទស្សនារយៈពេលមធ្យម “ទិសដៅទស្សនាបែបជំនឿ-សាសនា” រយៈពេល២ម៉ោង៣០នាទី និងខ្សែទស្សនា រយៈពេលវែង “ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ” រយៈពេល៣ម៉ោង។

២. ប្រាសាទបន្ទាយស្រី មានពីរជម្រើសដូចជា៖ ជម្រើសរយៈពេលខ្លីមានរយៈពេល១ម៉ោង២០នាទី និងជម្រើសរយៈ ពេលវែងមានរយៈពេល១ម៉ោង៤០នាទី។

ចំពោះខ្សែទស្សនាថ្មីក្នុងប្រាសាទទាំងពីរខាងលើនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំង ចម្លាក់សាច់រឿង ចំណុចសំខាន់ដែលអាចទស្សនាបានទូលំទូលាយជាងកាលពីពេលមុនជាដើម។ ជាមួយគ្នានេះ អំឡុងពេលនៃ ការដាក់ដំណើរការសាកល្បងនេះ អាជ្ញាធរជាតិអប្សរា ក៏នឹងប្រើប្រាស់នូវវិធីសាស្ត្រក្នុងការស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរ តាមភ្ញៀវ (Tracking)ផងដែរ៕