ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានប្រាប់ ទៅក្រុមប្រឆាំងរងចាំមើលលទ្ធផល កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
សម្តេច ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមនៅថ្ងៃទី ១៩ ខែកក្កដាថា “ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត”។
សម្តេច បន្តថា “ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។”។
សម្តេច ហ៊ុន សែន ចោទជាសំនួរថា តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា៕