អ្នកសេដ្ឋកិច្ច៖ ការបើកឱ្យដំណើការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីជាសញ្ញាល្អលើវិស័យទេសចរណ៍ តែត្រូវផ្សព្វផ្សាយឱ្យគគ្រឹកគគ្រេង

ភ្នំពេញ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ការបើក ឱ្យដំណើការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ជាសញ្ញាល្អសម្រាប់ធ្វើការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាប ប៉ុន្តែ ក៏ត្រូវមានការផ្សព្វផ្សាយឱ្យគគ្រឹកគគ្រេង និងទូលំទូលាយបន្ថែមទៀត ។

ការអះអាងរបស់ លោក គី សេរីវឌ្ឍន៍ខាងលើនេះធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ និងជាការឆ្លើយតបទៅនឹងសំនួរបស់អ្នកសារព័ត៌មាន Khmer CM តាមបណ្តាញតេឡេក្រាម ។

លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ការបើកឱ្យដំណើការអាកាសយានដ្ឋានអន្តរជាតិអង្គរ នៅខេត្តសៀមរាបនេះជាសញ្ញាល្អមួយសម្រាប់ការទាក់ទាញភ្ញៀវទេសចរក្រៅប្រទេស មកកាន់ខេត្តសៀមរាបដែលជាខេត្តទេសចរកាន់តែច្រើនថែមទៀត ។ ប៉ុន្តែ ទន្ទឹមគ្នានោះ ដែរ យើងត្រូវតែបង្កើនការផ្សព្វផ្សាយ អំពីសេវាទេសចរណ៍របស់យើង ដើម្បីឱ្យ អ្នកដែលចាប់អារម្មណ៍លើវិស័យទេសចរណ៍ ឱ្យបានដឹង និងជ្រោតជ្រាបបន្ថែមទៀត។

លោកបណ្ឌិតបន្តថា មួយវិញទៀត នៅពេលដែលមានការសម្ពោធដាក់ឱ្យដំណើការព្រលានយន្តហោះនេះ ត្រូវមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងគគ្រិកគគ្រេង ដើម្បីទាក់ទាញភ្ញៀវទេសចរ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលកម្ពុជាចង់បាន និងគ្រោងទុក ។

លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេសរបស់សមាគមទេសចរណ៍កម្ពុជា (CATA)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឱ្យដឹងថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការហោះហើរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ហើយលោក រំពឹងថា អាកាសយានដ្ឋាននឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។

បើតាម លោក ស៊ិន ចាន់សេរីវុត្ថា សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយ:ពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួនជាង ២,៤៨០,០៣២នាក់ កើនឡើង២៧០% ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤,៧២៥ជើង កើនឡើង១៤៨% ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២។

លោក បន្ថែមថា ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើង ក្នុងមួយសប្ដាហ៍ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ ព្រមទាំងចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។ យើងអាចនិយាយជារួមបានថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩៕