ទារកម្នាក់កើតមកមានអវយវៈចម្លែកខុសពីធម្មតានៅមន្ទីរពេទ្យបង្អែកសំពៅលូន

បាត់ដំបង៖ មន្ទីរពេទ្យបង្អែកសំពៅលូន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានសម្រាលទារកមានរូបរាងខុសប្លែកពីធម្មតាមួយករណីមានទម្ងន់ ៣,៧០០ក្រាម មានដៃ២ ជើង២បន្ថែមជាប់ជាមួយអវយវៈខាងក្រោម នៅមានជីវិតធម្មតា និងអាចបៅបាន បន្ទោបង់បាន។

មន្ទីសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ ឱ្យដឹងថា ករណីនេះ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ជាខ្លាំង ហើយក្រុមគ្រូពេទ្យ និងឆ្មបជំនាញបានពិនិត្យ ថែទាំដោយចិត្តទុកដាក់ហ្មត់ចត់បំផុត ចំពោះសុខភាពម្តាយ និងទារកទើបនឹងកើតនេះ ហើយបានចាត់ចែងត្រៀមបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនៅរសៀលថ្ងៃនេះ ដើម្បីធ្វើការវះកាត់ និងតាមសំណូមពររបស់ក្រុមគ្រួសារផងដែរ។

មន្ទីរសុខាភិបាលខេត្តបាត់ដំបងបញ្ជាក់ទៀតថា សេវាសម្រាលកូន និងបញ្ជូនត្រូវបានលើកលែងបង់ថ្លៃទាំងអស់។ មិនតែប៉ុណ្ណោះ មានសប្បុរសជនបានបរិច្ចាគធនធានថវិកាជូនក្រុមគ្រួសារទារកផងដែរ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន ក៏ដូចជាតំណាងឱ្យក្រុមគ្រួសារទារកសូមគោរពថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជនទាំងអស់ និងសូមជូនពរសព្វសាធុការ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីក្លាយជាប្រការដទៃឡេីយ៕