រដ្ឋាករទឹកខេត្តស្ទឹងត្រែងចាយទុន ១៣ លានដុល្លារ លើការពង្រីកបណ្តាញទឹកស្អាត

ស្ទឹងត្រែង៖ លោក អ៊ុ សុថា រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យដឹងថា រដ្ឋាករទឹកខេត្តស្ទឹងត្រែង បានចំណាយថវិកាប្រមាណ ១៣ លានដុល្លារអាមេរិកលើការពង្រីកសមត្ថភាពធំជាងមុន ជាមួយនឹងការដាក់ទុនវិនិយោគបង្កើតរោងចក្រទឹកស្អាតថ្មីដ៏ធំមួយមិនធ្លាប់មានពីមុនមក។

ក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង និងក្រុមប្រឹក្សាភិបាលដ្ឋាករទឹកស្ទឹងត្រែងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ុ សុថា បញ្ជាក់ថា ការដាក់ទុនវិនិយោគ បង្កើតរោងចក្រថ្មីដ៏ធំមួយមិនធ្លាប់មានពីមុនមកនេះ ក្នុងសមត្ថភាព ១២.០០០ម៉ែត្រគូប/ក្នុងមួយថ្ងៃ លើសមត្ថភាពចាស់ដែលមានត្រឹម ៥.៨៨០ម៉ែត្រគូប/ក្នុង១ថ្ងៃ (រាប់បញ្ចូលទាំងប្រព័ន្ធសម្អាតទឹក UFM (Ultra Filtration Membrane) ៣.០០០ម៉ែត្រគូប/ក្នុង១ថ្ងៃផងដែរ) ជាមួយនឹងថវិកាហិរញ្ញប្បទានឥណ ទានក្នុងគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រមាណ ១៣លានដុល្លា។

ជាមួយគ្នានេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានចាត់ទុកថា ដល់ពេលវេលាចាំបាច់មួយ ដែលត្រូវតែកែប្រែអង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង ទៅជានីតិបុគ្គលនៃនីតិសាធារណៈ ដែលមាន ស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុពេញលេញ ក្នុងការដឹកនាំ និងគ្រប់គ្រង ប្រតិបត្តិការរបស់ខ្លួន ដោយការទទួលខុសត្រូវកាន់តែខ្ពស់ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ស្របតាមបទប្បញ្ញត្តិជាធរមាន និងជា សហគ្រាស សាធារណៈ ដែលមានដើមទុនឬភាគហ៊ុន ១០០% ជារបស់រដ្ឋ។

លោកបន្តថា ភ្ជាប់ជាមួយកិច្ចការនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសេចក្តី ព្រាងអនុក្រឹត្យស្ដីពីការតែងតាំងក្រុមប្រឹក្សា ភិបាលរដ្ឋាករទឹកស្ទឹងត្រែងអាណត្តិទី១ និងសេចក្ដី ព្រាង អនុក្រឹត្យស្ដីពីការតែងតាំងអគ្គនាយករដ្ឋាករទឹកស្ទឹងត្រែង៕