មន្រ្តីជំនាញCMAC បញ្ចប់ការហ្វឹកហ្វឹនបោសម្អាតមីនជូនដល់មន្ត្រីអ៊ុយក្រែន យ៉ាងជោគជ័យ

ភ្នំពេញ ៖ កងកម្លាំងជំនាញអង្គភាពស៊ីម៉ាក់របស់កម្ពុជា (CMAC) ទទួលបានជោគជ័យក្នុងការជួយហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែន នៅប្រទេសប៉ូឡូញ។ នេះជាការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) ។

លោក ហេង រតនា បានលើកឡើងក្នុងហ្វេសប៊ុកនាថ្ងៃ១១ កក្កដាថា កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនមនុស្សធម៌ ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែន មកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន (SESU) កាលពីថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ “វគ្គហ្វឹកហ្វឺននេះ បានដំណើដោយជោគជ័យ និងបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព”។

សូមរំលឹកថា វគ្គហ្វឹកហ្វឺននេះ អាចដំណើការទៅបាន ដោយមានការសម្របសម្រួលពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់កិច្ចសហប្រតិបតិ្តការអន្តរជាតិ (JICA) និងទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា។ វគ្គហ្វឹកហ្វឺននេះ ជាលើកទី២ហើយ ដែលមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន ចូលរួមវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។ លើកទី១ គឺវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដែលមានរយៈពេល ១សប្តាហ៍ ដែលធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២០ ខែមករា ឆ្នាំ២០២៣៕