ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៤បន្ថែមទៀត ត្រូវបានកម្ពុជាសម្រេចឲ្យបោះទុនវិនិយោគជាង២៦លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងអាចបង្កើតឱកាសការងារជាង ៣ពាន់កន្លែង ។នេះបើតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃ១១ កក្កដា។
ក្រុមហ៊ុនទាំង៤នោះរួមមាន ៖
១- “RUNZHIMAO HEALTH CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។
២- “LITESUN HOMEDECOR CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។
៣- “BRIGHT PLASTIC (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។
៤-“HEN YANG (CAMBODIA) APPAREL MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ៣៨១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.១៤១កន្លែង៕