ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣រូប ដែលកំពុងធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ និងបាននាំមកនាយកដ្ឋានដើម្បីសាកសួរបន្ត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១១ ខែកក្កដានេះ ឱ្យដឹងថា បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣ បានសារភាពថាខ្លួនបានបម្រើការ ជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ នាយកដ្ឋានបានរកឃើញផងដែរថាក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។
ប្រភពដដែលនេះបន្តថា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ2023 នាយកដ្ឋានបានបញ្ជូនជនសង្ស័យទាំង៣ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត។
យោងតាមប្រកាសរវាងអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ចុះថ្ងៃទី 23 ខែមករា ឆ្នាំ2023 បានបញ្ជាក់ថានឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។ សេចក្តីប្រកាសរួមក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវជៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិ និងដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលាសូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនិងសកម្មភាពផ្ដល់ឥណទានខុសច្បាប់ រាយការណ៍មកធនាគារជាតិកម្ពុជា តាមរយៈលេខទូរសព្ទចំនួន ប្រាំខ្សែរ ÷ 0៨៨ ៦០០ ០០២, 0៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕