រថយន្តមួយគ្រឿងចុះពីលើស្ពានច្បារអំពៅរ៉េចង្កូតទៅប៉ះខឿនក្រឡាប់បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ រថយន្តមួយគ្រឿង បើកចុះពីលើស្ពានព្រះមុនីវង្ស បានរ៉េចង្កូតទៅបុកខឿន បណ្តាលឱ្យរថយន្តក្រឡាប់ ទៅប៉ះនឹងឡំប្រឺតាមួយគ្រឿង រួចរថយន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ” នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្សខាងកើត (ហៅស្ពានច្បារអំពៅ) ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2D-6222បើកបរដោយបុរសម្នាក់ និងមានបុរស៣នាក់ទៀតរួមដំណេីរជាមួយចេញពីផ្លូវជាតិលេខ២រួចឡើងលើស្ពានព្រះមុនីវង្សបំណងឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន ខណៈដែលបើកចុះជិតដល់គល់ស្ពានស្រាប់តែរេចង្កូតទៅបុកខឿនផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យបាក់ខឿនមួយកង់ខ្ទាតចេញពីកន្លែងដើម រីឯរថយន្តបង្កបានក្រឡាប់ទៅប៉ះឡំប្រឺតាមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2HX-7204បើកដោយបុរសម្នាក់ស្របទិសគ្នានៅពីមុខបណ្តាលឱ្យរងការខូចខាត ។ ក្រោយកេីតហេតុភ្លាមៗរថយន្តបង្កបានឆេះចេញជាអណ្តាតភ្លើង តែត្រូវបានប្រជាពលរដ្ឋជិតខាងនាំគ្នាជួយទាញទុយយោទឹកបាញ់ពន្លត់និងជួយសង្រ្គោះបុរស៤នាក់ចេញពីក្នុងរថយន្តមកខាងក្រៅទាន់ពេលវេលា ដោយមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ ។

សមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងមកធ្វេីការបាញ់ទឹកពន្លត់ ដេីម្បីឱ្យរលត់ទាំងស្រុង និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យភាគីរថយន្តបង្កចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕