ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តី ណែនាំ ឱ្យ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធត្រូវហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន។
ការចេញសេក្តីណែនាំនេះ របស់សម្តេច ស ខេង ធ្វើឡើងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពី ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបាន យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។
សម្តេច ស ខេង បញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ញាតិខ្មែរ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្នើសុំសេវានានា ក៏ដូចជាការអនុវត្តសិទ្ធ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុកជាវត្ថុបញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះមិនអាចប្រើប្រាស់នូវ សិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗស្របតាមច្បាប់ ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ។
សម្តេច បន្តថា ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅប្រើប្រាស់ក្នុងការបោះឆ្នោត ក្រសួងមហាផ្ទៃ សូមធ្វើ ការណែនាំដល់គណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការនេះ៕