ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប អះអាងថា របៀបគូសលើសន្លឹកឆ្នោតដែលត្រឹមត្រូវ គឺសញ្ញាធិក ឬសញ្ញាទាំងឡាយណាដែលគេមិនអាចដឹងពីអត្តសញ្ញាណ របស់អ្នកគូស ឬអ្នកបោះឆ្នោត។
នេះគឺជាការអះអាងរបស់លោក ហង្ស ពុទ្ធា ប្រាប់អង្គភាពសារព័ត៌មាន KhmerCM នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់ពី សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសមិនអន់ឱនចំពោះជនទាំងឡាយដែលបន្លំធ្វើជាសមាជិកគណបក្សប្រជាជនកម្ពុជា ចុះទៅបង្រៀនប្រជាពលរដ្ឋ គូសលើសន្លឹកឆ្នោតឱ្យខូច ឬ គូសចោល។
លោក ហង្ស ពុទ្ធា បញ្ជាក់ទៀតថា បើពលរដ្ឋ គូសជំនួសដោយចុះហត្ថលេខា ការសរសេរលេខ ឬ សរសេរជាអក្សរ ឬក៏ផ្តិមមេដាយ ឬតាមវិធីផ្សេងទៀត ដែលអាចឱ្យ គេដឹងអំពីម្ចាស់សន្លឹកឆ្នោត គឺត្រូវបានហាមឃាត់ និងចាត់ទុកជាសន្លឹកឆ្នោត មិនបានការ។
លោកបន្ថែមថា ពាក់ព័ន្ធនឹងការអប់រំអ្នកបោះឆ្នោត ជាការពិតហើយ គឺជាតួនាទីរបស់ គ.ជ.ប និងជាតួនាទីរបស់មហាជនទូទៅផងដែរ។ ការបង្រៀនបង្រៀនគូសនៅលើសន្លឹកឆ្នោត ត្រូវធ្វើជាសាធារណៈ និងធ្វើជាទូទៅបាន ប៉ុន្តែការសម្រេចចិត្តរបស់អ្នកបោះឆ្នោត គឺស្ថិតនៅក្នុងបន្ទប់សំងាត់ ។
លោកថ្លែងថា “សាម៉ីខ្លួនទទួលបានសន្លឹកមួយសន្លឹក អាចគួសទៅលើសន្លឹកឆ្នោតគណបក្សណាដែលខ្លួនពេញចិត្ត” ៕