សម្តេច ហ៊ុន សែន ប្រកាសមិនអត់ឱនឲ្យជនណាបន្លំ ជាសមាជិកបក្សប្រជាជនបង្រៀនពលរដ្ឋឲ្យគូសសន្លឹកឆ្នោតចោល

ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត អប់រំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតដោយគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ ការស្នើរបស់ប្រធានគណបក្សកាន់អំណាចនេះ ក្រោយមានអ្នកបន្លំជាមន្រ្តីគណបក្សប្រជាជនកម្ពុជាទៅបង្រៀនឲ្យពលរដ្ឋទៅបោះឆ្នោត តែឲ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ។

តាមរយៈសារជាសំឡេងជាង៥នាទី នៅព្រឹកថ្ងៃ៥ កក្កដា នេះ សម្តេចបានបញ្ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ធ្វើការស្រាវជ្រាវតាមបណ្តាញសង្គមផងដែរ ព្រោះមានអ្នកខ្លះក្លែងបន្លំឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលតាមរយៈបណ្តាញអនឡាញផងដែរ ដើម្បីឈានដល់ចាប់ជននេះមកផ្តន្ទាទោសតាមច្បាប់។ ចំណុចនេះ សម្តេចថា អ្នកបន្លំឲ្យបំផុសចលនាគូសសន្លឹកចោលនេះ មិនអាចអត់ឱនឲ្យជាដាច់ខាត។

សម្តេច បញ្ជាក់ថា “ត្រូវចាប់ជននោះឲ្យបាន ជាពិសេសនោះគណបក្សប្រជាជនកម្ពុជាត្រូវចាប់ឲ្យបានចំពោះជនណាដែលបន្លំខ្លួនជាមនុស្សគណបក្សប្រជាជន ហើយទៅណែនាំប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស ជនទុចរិកនេះមិនត្រូវអន់ឱនជាដាច់ខាត”។

សម្តេចបន្តថា “ខ្ញុំសូមផ្ញើសារជូនថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតថាកន្លងទៅនេះ យើងបានរកឃើញជនក្លែងបន្លំថា ជាអ្នកដឹកនាំគណបក្សប្រជាជន ដោយឲ្យគូសដូចអ្វីដែលគេបង្ហាញក្នុងសន្លឹកឆ្នោតជាគំរូបនេះ។ យើងបានរកឃើញថាការគូសរបៀបនេះ គឺមិនមែនតែនៅក្នុងគណបក្សប្រជាជនទេ ក៏មាននៅគណបក្សដទៃទៀតដែរ គឺគូសដើម្បីធ្វើយ៉ាងណាឲ្យសន្លឹកឆ្នោតនោះមិនបានការ។ ទង្វើបែបនេះទាមទារឲ្យគ្រប់គណបក្សនយោបាយទាំងអស់ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិក សមាជិករបស់ខ្លួនដើម្បីបង្រៀនប្រជាពលរដ្ឋដើម្បីគូសសន្លឹកឆ្នោតបានការ”។

ដើម្បីទទួលបានសុចរិតភាព សម្តេចក៏បានអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីគណបក្សដទៃទៀតណែនាំប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងការគូសសន្លឹកឆ្នោតក្លាយជាសន្លឹកឆ្នោតមិនបានការ តាមរយៈថាពួកគេស្រឡាញ់គណបក្សនេះ គណបក្សនោះ ដោយត្រូវគូស២ឬ៣ដង ។ សម្តេចថា នៅកន្លែងខ្លះក៏មានការបង្រៀនតម្រូវឲ្យសរសេរលេខចំពោះគណបក្សដែលខ្លួនស្រឡាញ់ ។ ចំណុចនេះត្រូវធ្វើការរួមគ្នាដើម្បីប្រទេសជាតិមានសេចក្តីសុខសាន្ត៕