ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានដាក់ក្តីសង្ឃឹមថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ប៉ុន្តែ ចំនួនប៉ុន្មាននោះ មិនទាន់ដឹងនៅឡើយទេ ។
លោក សុខ ឥសាន ប្រាប់ KhmerCM នៅថ្ងៃទី៣ ខែកក្កដានេះថា ការដាក់ក្តីសង្ឃឹមថា បន្ទាប់ពីមានសន្ទុះកើនឡើងនូវការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សក្នុងរយៈពេល ៣ ថ្ងៃមកនេះ។
លោកថ្លែងថា៖ “រឿងឈ្នះ វាឈ្នះហើយ ពីព្រោះកម្លាំងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា វាខ្លាំង បើប្រៀបប្រៀបគណបក្សនយោបាយនានានៅកម្ពុជា តែវាមិនអាចចង្អុលចំនួនប៉ុន្មានៗ បានទេ ទុកឱ្យប្រជាពលរដ្ឋ និងគ.ជ.ប បូកសរុបលទ្ធផលទៅ”។
ត្រង់ចំណុចនេះ លោក សុខ ឥសានបញ្ជាក់ថា បើសិនជាលោកនិយាយតួលេខមុន នឹងមិនល្អសម្រាប់ការបោះឆ្នោតនោះទេ។
ឆ្លើយតបទៅនឹងក្រុមប្រឆាំងដែលបានលើកឡើងថា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ឆ្នាំ២០២៣ នេះ មិនមានការចាប់អារម្មណ៍ពីមតិជាតិ និងអន្តរជាតិ ដោយសារអវត្តមានគណបក្សប្រឆាំងចូលរួម លោក សុខ ឥសាន បញ្ជាក់ថា មិនចាប់អារម្មណ៍តែក្រុមប្រឆាំងទេ ប៉ុន្តែ អ្នកដែលចូលរួម គឺគេមានការចាប់អារម្មណ៍ហើយ និងធ្វើទៅតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិវិធី និងបទបញ្ជារបស់ គ.ជ.ប៕