គ.ជ.ប ៖ យុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ២ ថ្ងៃ បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ដំណើការនៃយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយដែល ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេលពីរថ្ងៃមកនេះ បានប្រព្រឹត្តិទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ ព្រមទាំងគ្មានអំពើហឹង្សានោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បណ្ដាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងការចែកខិត្តបណ្ណ។

គ.ជ.ប បន្តថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានកត់សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែក្បួនឃោសនាច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ ជាក់ស្ដែង គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។

គ.ជ.ប បន្ថែមថា រីឯគណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង។

បើតាម គ.ជ.ប ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់ KhmerCM នៅថ្ងៃទី៣ ខែកក្កដានេះថា នៅក្នុងរយៈពេល ២ ថ្ងៃនៃ យុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយប្រមាណ បានចេញធ្វើសកម្មភាពហែក្បួនឃោសនា ដោយប្រើប្រាស់ឧបករណ៍បំពងសំឡេង ចែកខិតប័ណ្ណ ព្រមទាំងប្រគុំតន្ត្រី និងចុះជួបប្រជាពលរដ្ឋផងដែរ។

លោកបន្តថា តាមរយៈការវាយតម្លៃបឋម របស់ គ.ជ.ប គឺ ដំណើការនៃការប្រព្រឹត្តិទៅសម្រាប់ការធ្វើ យុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី ១ និងទី ២ របស់គណបក្សនយោបាយ នាំមកនូវភាពរីករាយ មានសណ្តាប់ធ្នាប់ និងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋជាច្រើនផងដែរ។

លោកថ្លែងថា៖ “២ ថ្ងៃនេះ យើងពិនិត្យឃើញថា មិនមានបាតុភាពអសកម្មណាមួយ ធ្វើឱ្យប៉ះពាល់ដល់ គណបក្សនយោបាយដែលមាននិន្នការខុសគ្នានោះទេ ។ អ៊ីចឹង គ.ជ.ប សង្ឃឹមថា នឹងប្រព្រឹត្តិដោយរលូនបន្ថែមទៀត។ យើងនៅសល់ ១៩ ថ្ងៃទៀត នៃការឃោសនាបោះឆ្នោត” ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕