ភ្នំពេញ៖ គណបក្សប្រជាចជនកម្ពុជា ក្រោយការជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងដំណាងរាស្ត្រនីតិកាលកទី ៧ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រី បានប្រកាសធានា និងប្តេជ្ញា ការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជននូវគោលនយោបាយឱ្យមានប្រសិទ្ធិភាព។
ការប្រកាសរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាធ្វើឡើង ក្នុងឱកាសថ្លែងបើក យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ និងរំឭកខួបលើកទី ៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិថ្មី នឹង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តអនុវត្តការ មិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព, ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
សម្តេចបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារ លក់កសិផលដោយថ្លៃសមរម្យ, បែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌ សម្បទានដីសង្គមកិច្ច, ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទរបស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដី ជូនប្រជាជនរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋតាមគោលការណ៍ដែលរដ្ឋបានកំណត់។
សម្តេច ហ៊ុន សែន បញ្ជាក់ទៀតថា បន្ថែមពីនេះរាជរដ្ឋាភិបាល អាណត្តិថ្មី នឹង បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេស, អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមាន សិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឱ្យកូនចៅ ឬអ្នក ដទៃបាន, បន្តកាត់បន្ថយចំណាយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការរក្សាស្ថិរភាពថ្លៃម្ហូប អាហារ និងកាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីសម្រាប់ប្រជាជនទូទៅ។
ក្រៅពីនេះ ក៏នឹងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, បន្តអភិវឌ្ឍគ្រប់ឃុំ សង្កាត់ ឱ្យ មានផ្លូវគមនាគមន៍កាន់តែល្អ តាមរយៈការជួសជុលថែទាំផ្លូវជាប្រចាំ ការស្ថាបនាផ្លូវថ្មីៗថែមទៀត និងការលើក កម្ពស់ផ្លូវ ពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធ ធារាសាស្ត្រកាន់តែប្រសើរឡើង និងមានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព។
សម្តេច បន្ថែមទៀតថា លើសពីនេះ ក៏នឹងបន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តកែសម្រួល និង ដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ព្រមទាំងរក្សាអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ និយោជិត, បន្តអនុវត្តគោលការណ៍មិនយកពន្ធលើ ប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត, លើកកម្ពស់ ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងគ្រាមានគ្រោះអាសន្ន និងគ្រាមានវិបត្តិផ្សេងៗ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមាន ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ព្រមទាំងកម្មការិនីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ។
ជាមួយគ្នានេះ លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូន ប្រជាជន។ ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើនវិទ្យាល័យនៅតាមស្រុក, យុវជនទទួលបានឱកាសក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ។ ព្រមជាមួយនោះ សម្តេចក៏នឹងដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។
បើតាមសម្តេច ហ៊ុន សែន កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ ២០២៣-២០២៨ ជាការបន្តនៃកម្មវិធីនយោបាយ ឆ្នាំ ២០១៨-២០២៣ និងឆ្លើយតបទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ កម្មវិធីនយោបាយនេះ ត្រូវបានកសាងឡើងដោយផ្តើមចេញពីឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និង ប្រកបដោយភាពប្រាកដនិយមដែលគណបក្សមានសមត្ថភាព និងលទ្ធភាពពិត ក្នុងការអនុវត្តឱ្យបានសម្រេច។
សម្តេច ថ្លែងថា៖ “ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ ខាងមុខនេះ ខ្ញុំព្រះករុណា ខ្ញុំ បានត្រៀមរៀបចំរួចជាស្រេចនូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល បន្តពីយុទ្ធសាស្ត ចតុកោណដំណាក់កាលទី៤ សម្រាប់ជាឧបករណ៍ដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យនូវ «កម្មវិធីនយោបាយ» របស់គណបក្ស”៕