បញ្ហាកេងប្រវ័ញ្ច តាមរូបភាពនានាចំពោះ កុមារនៅកម្ពុជាបានធ្លាក់ចុះ

ភ្នំពេញ៖ លោកស្រី ប៊ូស្រា ហ្ស៊ុលហ្វីកា នាយិកាប្រចាំតំបន់អាស៉ីនៅអង្គការ Terre des Hommes បានលើកឡើងថា បញ្ហាកេងប្រវ័ញ្ច តាមរូបភាពនានាចំពោះ កុមារនៅកម្ពុជាបានធ្លាក់ចុះ។

ការលើកឡើរបស់លោក លោកស្រី ប៊ូស្រា ហ្ស៊ុលហ្វីកា ក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់របាយការណ៍ ការសិក្សាវិភាគពីស្ថានភាពការកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា កាលពីពេលថ្មីៗ ភោជនីយដ្ឋានទន្លេបាសាក់២។

លោកស្រីបន្តថា ទោះធ្លាក់ចុះក៏ពិតមែន ប៉ុន្តែវានៅតែមាន ការព្រួយបាម្ភនៅឡើយ ដូច្នេះទាមទារឲ្យភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នាដោះស្រាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ ការរំលោភបំពាន ចំពោះកុមារ ដែលជាជនរងគ្រោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារ។

លោកបន្តថា ក្នុងការដោះស្រាយបញ្ហាកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារនាពេលកន្លងមក រាជរដ្ឋាភិបាលបានបង្កើតផែនការសកម្មភាពជាតិជាច្រើនដើម្បីកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារជាដើម៕