ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានធ្ងន់ៗ ដល់ប្រទេសទាំងឡាយណាដែលឱ្យយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហោះឆ្លងដែនចូលមកធ្វើសកម្មភាពឈ្លានពាននិងធ្វើភេវរកម្មលើទឹកដីកម្ពុជា ហើយបើកម្ពុជាស៊ើបអង្កេតបាននឹងប្តឹងទៅអង្គការសហប្រជាជាតិ។
ថ្លែងនៅចំពោះមុខកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់នៅព្រឹកថ្ងៃទី២៨ មិថុនានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្លាំងអង្គភាពណាដែលអាចបាញ់ទម្លាក់ដ្រូនដែលហោះចូលកម្ពុជានេះបាន សម្តេចនឹងឧបត្ថម្ភជូនក្នុងមួយគ្រឿងគឺ២០ម៉ឺនដុល្លារអាមេរិក។ ការចំណាយប្រាក់ឧបត្ថម្ភដ៏សែនច្រើនបែបនេះ គឺដើម្បីចង់ដឹងថាតើដ្រូនដែលហោះចូលកម្ពុជានេះ មានប្រភពមកពីខាងណាឱ្យច្រើន។
សម្តេច បានបន្តថា ដ្រូនខាងលើនេះបានហោះចូលដែនអាកាសកម្ពុជាប្រហែលមួយសប្តាហ៍ហើយ ហើយករណីហោះចូលនេះ គឺឱ្យដល់ពេលយប់គឺហោះចូលមកតែម្តង។ ជាក់ស្តែងនៅយប់ថ្ងៃទី២៧ មិថុនាម្សិលមិញនេះ គឺហោះចូលមក៥គ្រឿងទៀត ប៉ុន្តែបែរជាខាងកម្ពុជាអត់ហ៊ានបាញ់ទម្លាក់ទៅវិញ។
សម្តេច សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះសព្វាវុធកម្ពុជាគឺទំនើប គឺថានៅពេលដែលយន្តហោះធ្វើការហោះមក វារត់ដេញតាមយន្តហោះតែម្តង។ សម្តេច ថា ត្រូវដាក់ពង្រាយសព្វាវុធនេះដោយនៅកន្លែងខ្វះចំនួន៥ដើមតែម្តងដើម្បីផ្គុំគ្នានិងបាញ់ឡើងព្រមគ្នាតែម្តង។
ពាក់ព័ន្ធនឹងករណីនេះដែរ សម្តេចក៏អំពាវនាវកុំឱ្យពលរដ្ឋកម្ពុជាមានការព្រួយបារម្ភដោយសម្តេចបានបញ្ជាក់ថា សង្រ្គាមនឹងវាមិនផ្ទុះនោះទេ៕