ចាប់ខ្លួនបានហើយ ករណីកាប់សម្លាប់ស្ត្រី និងកូនអាយុ៦ ខែ នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ៖ ករណីឃាតកម្មកាប់សម្លាប់យ៉ាងព្រៃផ្សៃ លើស្រ្តីឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ២៤ឆ្នាំ ចំនួន ៧ កាំបិត និងកាប់ទៅលើទារិការអាយុ ៦ ខែ ជាកូនស្ត្រី នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យទាំងពីរនាក់ម្តាយ និងកូនស្លាប់ភ្លាមៗ ពេលនេះសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ ចាប់ខ្លួនឃាតករបានហើយ។

លោក ចន សុភិត អធិការនគរបាលស្រុកបសេ បានថ្លែងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៧ និង ០០នាទីព្រឹក មានករណីឃាតកម្ម កើតឡើងនៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ ឡាយ ទ្រី ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ២៤ឆ្នាំ ចំនួន ៧ កាំបិត និងកាប់ទៅលើទារិការអាយុ ៦ ខែ ជាកូនស្ត្រីរងគ្រោះខាងលើ បណ្តាលអោយទាំងពីរនាក់ម្តាយ និងកូនស្លាប់ភ្លាមៗ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនឡើងទៅលើភ្នំបាត់។

លោកបន្តថា លោក បានបញ្ជារអោយកម្លាំងហ៊ុមព័ត និងរុករករហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៤០ នាទី ថ្ងៃត្រង់ ទើបរកឃើញ និងឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី។

យោងតាមឪពុកម្ដាយស្ត្រីរងគ្រោះ និង សាក្សី ដែលជាអ្នកភូមិរស់នៅក្បែរខាងផ្ទះរបស់នាង ជនសង្ស័យជាឃាតករគឺជាបងប្រុសជីដូនមួយរបស់ នាង ឈ្មោះ ឡាយ ទ្រី អាយុ ៣៣ ឆ្នាំ។ ជនសង្ស័យ ជាមនុស្ស ធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ ព្រោះករណីប្រើប្រាស់និង ជួញដូរគ្រឿងញៀន ។

ករណីនេះនគរបាលព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ និង អង្គភាពការពារ កុមារ (CPU) កម្លាំងអធិការដ្ឋាន នគរបាលស្រុកបសេដ្ឋបានចុះប្រតិបត្តិការឡោមព័ទ្ធព្រៃនៅចំណុច តំបន់ភ្នំកក់ហើយនៅថ្ងៃទី២៧ ខែមិថុនា កម្លាំងនគរបាលជំនាញបានឃើញជនសង្ស័យបង្ហាញខ្លួននៅចំណុច មាត់ព្រៃជាប់ជើងភ្នំកក់ ក៏នាំគ្នាចាប់ខ្លួនជនសង្ស័យបានតែម្ដង៕