រដ្ឋបាលខេត្តពោធិ៍សាត់ បំភ្លឺ ពាក់ព័ន្ធរឿងកសាងព្រះពុទ្ធរូបមានលក្ខណៈមិនល្អ និងត្រៀមកែលម្អរឡើងវិញ

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីបំភ្លឹព័ត៌មានពអំពីព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ បន្ទាប់ពីមានការរិះគន់ និងផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម កាលពីពេលថ្មីៗនេះ។

យោងតាមសេចក្តីបំភ្លឹព័ត៌មានរបស់រដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ២៧ ខែមិថុនានេះ ឱ្យដឹងថា ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិង បណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា០១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សេចក្តីបំភ្លឺដដែលបន្តថា ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែល មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។ តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះ បានប្រើប្រាស់ ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។

បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ តាមការពិនិត្យជាក់ស្ដែង បើយើងមើលចំពីមុខ ព្រះភក្ត្រ ព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅ អធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃឲ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្នាំឆ្គងណាដែលគួរធ្វើការកែលម្អ ឲ្យបានសមរម្យ៕