សម្តេច ហ៊ុន សែន អំពាវនាវឱ្យប្រទេសជិតខាងបញ្ឈប់ជាបន្ទាន់កុំផ្តល់មូលដ្ឋានឱ្យយន្តហោះដែលគ្មានមនុស្សហោះចូលទឹកដីកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រទេសជិតខាងបញ្ឈប់ជាបន្ទាន់ ដោយ កុំផ្តល់មូលដ្ឋានឱ្យយន្តហោះដ្រូនដែលនិយាយជាសាមញ្ញថាយន្តហោះគ្មានមនុស្សហោះចូលទឹកដីកម្ពុជា ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានចាត់ទុក យន្តហោះដ្រូនដែលបានហោះចូលខេត្តរតនគិរីទឹកដីកម្ពុជានៅប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាការប្រឆាំងនិងអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។

ក្នុងសារសម្លេងតាមប្រព័ន្ធផ្លូវការតេឡាក្រាមរបស់សម្តេចនៅថ្ងៃទី២៧ មិថុនានេះ សម្តេចក៏អំពាវនាវផងដែរដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលកងកម្លាំងប្រតិបត្តិការបានឆ្លងកាត់ទៅកាន់ខេត្តរតនគីរីទីដែលយន្តហោះដ្រូនបានហោះនោះ សូមកុំមានការភ្ញាក់ផ្អើលឬមានការភ័យខ្លាចអ្វីទាំងអស់។ តែផ្ទុយទៅវិញត្រូវសហការរាយការណ៍មកសមត្ថកិច្ចក្នុងករណីបើដឹងថាមានអ្នកដែលបាក់ទ័ពពីទឹកដីវៀតណាមមកលាក់សម្ងំខ្លួននៅក្នុងទឹកដីកម្ពុជា។

សម្តេច បានបញ្ជាក់ថា ច្បាស់ណាស់ថា យន្តហោះដែលគ្មានមនុស្សបើកនេះ គឺកំពុងស្វែងរកក្រុមអ្នកបាក់ទ័ពដែលរត់ចេញពីវៀតណាម ដែលមកសម្ងំនៅលើទឹកដីកម្ពុជា។ ត្រង់ចំណុចនេះ សូមប្រជាពលរដ្ឋកម្ពុជាផ្តល់ព័ត៌មានដែលកងកម្លាំងកម្ពុជាដែលនៅមូលដ្ឋាន។ នេះគឺជាលើកឡើងរបស់សម្តេច។

សម្តេច បានបន្ថែមថា កម្ពុជាមានអាវុធច្រើនប្រភេទសម្រាប់កំទេចយន្តហោះគ្មានមនុស្សបើកនេះ ដែលប៉ុន្មានថ្ងៃឬយប់កន្លងទៅនេះបានបំពានអធិបតេយ្យរបស់កម្ពុជា។ សម្តេចបានចាត់ទុកទង្វើនេះគឺជាអំពើភេវកម្ម ហើយសម្តេចសូមឱ្យប្រទេសជិតខាងកម្ពុជាគោរពនូវអធិបតេយ្យរបស់កម្ពុជា ដោយកម្ពុជាចង់បានតែសេចក្តីសុខ និងគ្មានប្រាថ្នាអ្វីក្រៅពីសេចក្តីសុខហើយនិងឯករាជ្យ អធិបតេយ្យភាពនោះទេ។

សូមជម្រាបជូនថា ក្រោយទទួលបានបទបញ្ជារបស់សម្ដេច ហ៊ុន សែន នៅរសៀលថ្ងៃទី២៧ មិថុនានេះ លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា៕