ក្នុងលិខិតផ្ញើជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត Sobhita ប្រធានមជ្ឈមណ្ឌលពុទ្ធសាស្ត្រអប់រំប្រចាំមីយ៉ាន់ម៉ា និងហូឡង់ បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ាន សម្តេច ហ៊ុន សែន ពិតជាសក្ដិសមនឹងទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះ ដែលផ្តល់ជូនដោយសហព័ន្ធសន្តិភាពសកលនៅប្រទេសកូរ៉េខាងត្បូង។
ការទទួលបានពានរង្វាន់នេះ គឺដោយសារតែសម្តេច បានខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងដំណើរការកសាងសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិករួមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត Sobhita នៅក្នុងលិខិតដដែលនេះ។
យោងតាមលិខិតរបស់លោក Thomas G. Walsh ប្រធានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់បានផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការផ្តល់ជូនពានរង្វាន់សន្តិភាពនេះដល់សម្តេច ហ៊ុន សែន គឺដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។
លោក បន្តថា ការដឹកនាំរបស់សម្តេច ពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
សូមជម្រាបជូនថា ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិ ដែលអាចជាគំរូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ ពានរង្វាន់សន្តិភាពស៊ុនហាក់គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដើម្បីរំឭកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន ម្ស៉ុនមូន និងលោកស្រី បណ្ឌិត ហាក់ ចា ហាន់ មូន៕