ភ្នំពេញ ៖ ព្រឹទ្ធាចារ្យមហាស្ថាបត្យករ លូ បានហាប់ ជាអ្នកស្ថាបនារាជធានីភ្នំពេញ ឲ្យក្លាយទៅជាទីក្រុងគុជ នៅតំបន់អាស៊ីដែលមានមនុស្សភាគតិចបានស្គាល់នោះបានទទួលមរណភាពកាលពីម៉ោង១៦និង១៥នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។ នេះយោងតាមទំព័រកហ្វេសប៊ុករបស់ក្រុមដំណើរខ្មែរ។
ទំព័រហ្វេសប៊ុកនេះបន្តថា នេះជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ប្រជាជាតិដែលមានតម្លៃកាត់ថ្លៃមិនបាន។ ក្នុងសម័យសង្គមរាស្រ្តនិយម លោកលូ បានហាប់ ជាស្ថាបត្យករមួយរូបដែលបានគូរប្លង់ និងចូលរួមកសាងសណ្ឋាគារខេមបូឌីយ៉ាណា , រាជដំណាក់ព្រះគន្ធបុប្ផា នៅក្នុងវិមានរដ្ឋចម្ការមន , អាគារសាលាខេត្តកណ្តាល , មហោស្រពចេនឡា , អគារប៊ូឌីង , វិទ្យាល័យទួលស្វាយព្រៃ , មណ្ឌលកីឡាខេត្តបាត់ដំបង , អាគារសាកលវិទ្យាល័យភូមិន្ទកំពង់ចាម , ព្រះរាជដំណាក់លើភ្នំគិរីរម្យជាដើម។
ជាមួយគ្នានេះ គុណសម្បត្តិដ៏សំខាន់មួយទៀត កាលពីឆ្នាំ១៩៦០ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ចេញព្រះរាជបញ្ជាចាត់តាំងឲ្យលោកលូ បានហាប់ ដឹកនាំបង្កើតមន្ទីរសាងសង់លំនៅដ្ឋាន និងរៀបំចំគំរោងប្លង់នៃសាលារាជធានីភ្នំពេញ ដោយពេលនោះលោកអភិបាលរាជធានី ទេព ផន បានផ្តល់ឲ្យលោកនូវសេរីភាពពេញទីដើម្បីធ្វើទំនើបកម្មគំរោងរៀបចំទីក្រុង។ លោកជាមួយនឹងបុគ្គលិក១២នាក់ទៀតបានគ្រប់គ្រងអ្វីគ្រប់យ៉ាង រាប់តាំពីនគរូបនីយកម្ម ដល់ការរចនានិងថែរក្សាសួនច្បារសាធារណៈ ការគ្រប់គ្រងសំណល់ ភ្លើងបំភ្លឺតាមចញ្ចើមផ្លូវ ការផ្គត់ផ្គង់ថាមពល និងការអនុញ្ញាតការសាងសង់។ រាជធានីដំចំណាស់មួយដែលជាបេះដូងនៃជាតិ បានប្រែមុខមាត់ថ្មី ក្រោមការដឹកនាំរបស់លោក លូ បានហាប់។
ស្ថាបត្យករខ្មែរដ៏ល្បីមួយរូបនេះ មានមនុស្សភាគច្រើនមិនសូវស្គាល់នោះមានស្រុកកំណើតនៅខេត្តកំពង់ចាម ជាបងប្អូនជីដូនមួយជាមួយ លោក វណ្ណ មូលីវណ្ណ បិតាស្ថាបត្យកររបស់ខ្មែរកាលពីអតីតដែលបានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុន ៕