ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ) និងឃាត់ខ្លួនស្រ្តីម្នាក់។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធាសនីភ្នំពេញនៅល្ងាចយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រពន្ធ័អនឡាញ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥១៤ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ សែម ផល្លា ហៅ សីលា អាយុ២៧ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ២ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហ្គេមឡូតូ។

ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួនរួមមាន ម៉ូនីទ័រ ម៉ាកDELL ពណ៌ ខ្មៅ ចំនួន០២ គ្រឿង និងម៉ាក ១-O-DATA, CPU ពណ៌ខ្មៅ ចំនួន០១ គ្រឿង, ឃីបត ពណ៌ខ្មៅ ចំនួន០១, ម៉ៅ ចំនួន០១, ដុំ វាយហ្វាយ ចំនួន០១, ប្រាក់ ចំនួន៤៥០០០រៀល៕