ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស ព្រមជាមួយការបន្តចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ស្របពេលដែលបច្ចុប្បន្ននេះចំនួនអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង កំពុងមានកើនឡើងគួរឱ្យព្រួយបារម្ភ បើទោះបីជាប្រភេទមេរោគនេះ មិនទាន់ធ្វើឱ្យមានអ្នកស្លាប់ក៏ដោយចុះ។
ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនចុះថ្ងៃទី៩ កុម្ភៈនេះ ក្រសួងសុខាភិបាល បានលើកឡើងថា ការក្រើនរំលឹកនេះគឺ ធ្វើឡើងស្របតាមការអំពាវនាវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសំឡេងកាលពីយប់ថ្ងៃទី៨ កុម្ភៈ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលបានឆ្លងថ្មីកើនឡើង នាពេលបច្ចុប្បន្ននេះ។
សូមជម្រាបជូនថា បើតាមក្រសួងសុខាភិបាល ការចម្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ដែលមានសន្ទុះកើនឡើងនាពេលបច្ចុប្បន្ននេះ ភាគច្រើនកើតឡើងលើក្រុមយុវវ័យ និងវ័យកណ្តាល។ ក្រសួងថា សន្ទុះនៃការឆ្លងទៅលើក្រុមនេះ គឺដោយសារតែក្រុមទាំងនេះបានដើរចេញក្រៅផ្ទះច្រើន និងមានការជួបជុំមិត្តភ័ក្ដិ ឬការជួបជុំគ្នាច្រើន។
ត្រង់ចំណុចនេះក្រសួងអំពាវនាវសូមឱ្យចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួង ទាក់ទងវិធានការសុខាភិបាលឱ្យបានម៉ត់ចត់ ដើម្បីការពារខ្លួននិងសមាជិកក្រុមគ្រួសារ ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ១៩នេះ៕