ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម លោក ម៉ៅ វុត្ថា បានបញ្ចេញទស្សនះផ្ទាល់ខ្លួនថា ការផ្ទុះកប៉ាល់មុជទឹក Titan បណ្តាលឱ្យបាត់បង់ជីវិតមនុស្សទាំង ៥ អាចមកពីបណ្តាសារបស់ខ្មោចម៉ាំមី។ នេះជាទស្សនៈរបស់លោក ម៉ៅ វុត្ថា ផ្ទាល់៖ តើកប៉ាល់ Titan ផ្ទុះនោះអាចជាបណ្តាសារបស់ Mummy ដែរឬទេ? ឬកប៉ាល់លិចទីតានិចពិតជាមានជើងកបមែន?
ព្រឹកឡើងបើកព័ត៌មានឃើញតែភាពសោកសៅ និងសូមសម្តែងការសោកស្តាយចំពោះការផ្ទុះកប៉ាល់មុជទឹកទីតង់ (Titan) របស់ក្រុមហ៊ុនទ្វារមហាសមុទ្រ (Ocean Gate) រួមទាំងការបាត់បង់ជីវិតមនុស្សទាំង ៥នាក់ដែលជាអ្នកទេសចរក្នុងកប៉ាល់នោះផងដែរ។ សម្រាប់ខ្ញុំរឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតអំពីរឿងនេះគឺមិនមែនរឿងកប៉ាល់ មិនមែនរឿងអ្នកទេសចរ ប៉ុន្តែគឺជារឿងបែបអបិយជំនឿមួយដែលជាបណ្តាសារបស់ខ្មោចម៉ាំមី ហើយដែលអាចជាមូលហេតុធ្វើឲ្យកប៉ាល់ទីតានិចលិចកាលពីយប់ថ្ងៃទី១៤ ឈានចូល១៥ ខែមេសា ឆ្នាំ១៩១២ យកជីវិតអ្នកដំណើរនៅលើប្រមាណជាង1500នាក់។ ក៏អាចថាបានដែរប្រហែលជាការផ្ទុះរបស់កប៉ាល់ទីតង់មានអ្វីជាប់ពាក់ព័ន្ធជាមួយនឹងបណ្តាសារបស់ខ្មោចម៉ាំមី ឬត្រូវគ្រោះជើងកបរបស់កប៉ាល់ទីតានិក។
ខាងក្រោមនេះគឺជារឿងទាក់ទងនឹងបណ្តាសាខ្មោចម៉ាំមី (The Unlucky Mummy)
នៅប្រមាណក្នុងទសវត្សរ៍១៨៨០ ក្រុមបុរសអ្នកមានជនជាតិអង់គ្លេសដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអុកហ្វតចំនួន៥នាក់បានធ្វើដំណើរទស្សនាចរប្រទេសអេហ្សីបតាមដងទន្លេនីល (Nile)។ ដើម្បីជាអនុស្សាវរីយ៍ ហើយដោយមានការចាប់អារម្មណ៍នឹងប្រវត្តិសាស្រ្តរបស់អេហ្សីបផង ពួកគេក៏បានទិញមឈូសខ្មោចម៉ាំមីដែលទើបជីកបានថ្មីៗពីប្រាសាទមួយកន្លែងដែលឧទ្ទិសទៅដល់អាទិទេពកំពូលរបស់ពួកគេហៅថា អាម៉ិន រ៉ា – Amen Ra (នៅក្នុងវប្បធម៌អេហ្សីបអាទិទេពរ៉ា Ra នេះគឺជាទេពព្រះអាទិត្យដែលធំលើសទេពទាំងពួក ហើយគ្រប់គ្រងនៅឋានទាំងបីនៃដែនដីអេហ្សីប)។
មឈូលម៉ាំមីដែលក្រុមអង់គ្លេសទិញបាននោះគឺជារបស់ស្រ្តីដែលមានឋានៈខ្ពស់ខ្ពស់មួយរូបនៅក្នុងសម័យនោះ (អាចជាព្រះនាងម្ចាស់ ឬបុព្វជិតស្រ្តីដែលឋានៈកំពូល) ហើយប្រកបដោយក្បូរក្បាច់រចនាយ៉ាងប្រណីត ព្រមទាំងមានសញ្ញាចារិកនៅលើមឈូសនោះផងដែរ។ សញ្ញាចារិកត្រូវបានបកប្រែពីអ្នកជំនាញប្រវត្តិសាស្រ្តអេហ្សីបថាជាបណ្តាសា ឬការដាក់ទំនាយឲ្យវិនាសដល់អ្នកទាំងឡាយណាដែលមករំខាន ឬយាយីដល់សេចក្តីសុខស្ងប់របស់ខ្លួន។
ពួកក្រុមទេសចរអង់គ្លេសបានក្លាយជាជនរងគ្រោះនៃបណ្តាសារបស់ម៉ាំមី។ នៅពេលដែលត្រឡប់មកដល់សណ្ឋាគារវិញ បុរសម្នាក់ដែលចេញមុខចេញមាត់ក្នុងការចរចាទិញ បានដើរឆ្លងកាត់វាលខ្សាច់ ទៅរកកន្លែងដើមរបស់មឈូសម៉ាំមីវិញ ហើយបាត់ខ្លួនរហូតមក។ អ្នកដែលនៅសល់ក៏សម្រេចត្រឡប់មករដ្ឋធានីក្រុងគែរ (Cairo) វិញជាមួយនឹងមឈូស។ នៅតាមផ្លូវមនុស្សពីរនាក់ទៀតស្លាប់ដោយអាថ៏កំបាំង ហើយពេលមកដល់ក្រុងគែរ ម្នាក់ទៀតត្រូវបានគេបាញ់ដោយអចេតនារហូតត្រូវកាត់ដៃចេញ។ សមាជិកពីរនាក់ទៀតមានសុវត្ថិភាពអាចមកដល់អង់គ្លេសវិញជាមួយនឹងមឈូស ប៉ុន្តែមានម្នាក់បានធ្លាក់ខ្លួនឈឺរហូតដល់ពិការមិនអាចធ្វើការងារកើត។ នៅសល់តែសមាជិកម្នាក់ឈ្មោះអារថឺ វៀលលឺ(Arthur Wheeler) គឺជាអ្នកគ្រប់គ្រងមឈូសនេះ (ចាប់ពីពេលនេះតទៅ ខ្ញុំសូមហៅមឈូសនេះថា មឈូសបណ្តាសា) ប៉ុន្តែតែមួយពព្រិចភ្នែក ទ្រព្យសម្បត្តិរបស់វីលលឺត្រូវបានរលាយបាត់អស់ ហើយក្លាយខ្លួនជាអ្នកសុំទាន។
មឈូសបណ្តាសាត្រូវបានផ្ញើទុកនៅផ្ទះប្អូនស្រីរបស់វៀលលឺហើយនៅឆ្នាំ១៨៨៧ ប្អូនស្រីរបស់វីលលឺបានជួលគេឲ្យមកថតរូបមឈូសនេះ និងបកប្រែបន្ថែមពីសញ្ញាចារឹកក្នុងគោលបំណងដើម្បីលក់។ រូបថតចេញមក ហាក់ដូចមានមនុស្សស្រីសើចដាក់ពីក្នុងមឈូស ហើយអ្នកថតបានស្លាប់ ដូចគ្នានឹងអ្នកកាន់មឈូសផងដែរ។ រីឯបុរសដែលមានជំនាញក្នុងការបកប្រែសញ្ញាចារិក បានរវើរវាយ ហើយសម្លាប់ខ្លួនឯង។ គេនិយាយថានេះទើបតែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។
មឈូសបណ្តាសាត្រូវបានអ្នកមានម្នាក់ទិញយកទៅរក្សាទុក ប៉ុន្តែមិនអាចរក្សាទុកបានយូរនោះទេ។ នៅពេលយកទៅដល់ផ្ទះរក្សាទុក ផ្ទះបានឆេះស្ទើរតែទាំងស្រុង ហើយសមាជិកគ្រួសាររបស់គាត់បានរងរបួសធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ទីបំផុតមឈូសបណ្តាសាត្រូវបានបរិច្ចាគទៅឲ្យសារមន្ទីរជាតិអង់គ្លេស។
នៅពេលដឹកមឈូសមកដល់សារមន្ទីរ កម្មករម្នាក់ត្រូវបានមឈូសសង្កត់់លើរហូតដល់បាក់ជើង ហើយម្នាក់ទៀតបានស្លាប់យ៉ាងអាថ៏កំបាំងក្នុងយប់បន្ទាប់មក។ រីឯឡានដែលដឹកមឈូសមក បានត្រឡប់ទៅវិញជួបគ្រោះថ្នាក់ចរាចរណ៏ទៀត។
នៅពេលមឈូសបណ្តាសាត្រូវបានដាក់តាំងបង្ហាញ ឆ្មាំសារមន្ទីរតែងរាយការណ៍អំពីហេតុការណ៍ខ្មោចលងនានាដូចជាសម្លេងគោះមឈូស សម្លេងស្រែកយំចេញពីមឈូសជាដើម។ល។ ហើយឆ្មាំម្នាក់បានស្លាប់ ហើយម្នាក់ទៀតបានសុំលាឈប់ ហើយអ្នកផ្សេងៗទៀតមិនហ៊ានមកក្បែរទីតាំងមឈូសនោះទេ។
ហេតុការណ៍ខ្មោចលងក្នុងសារមន្ទីរបានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងសង្គមអង់គ្លេស រហូតដល់ឆ្នាំ១៩០៤ មានអ្នកកាសែតល្បីឈ្មោះម្នាក់ឈ្មោះ Bertram Robinson បានសរសេររាយការណ៍នៅលើទំព័រមុខនៃកាសែត Daily Express អំពីខ្មោចលងដែលចេញពីមឈូសបណ្តាសា។ នេះសម្រង់សម្តីនៅក្នុងអត្ថបទព័ត៌មាននោះ “It is certain that the Egyptians had powers which we in the 20th century may laugh at, yet can never understand” ។
បីឆ្នាំក្រោយមកអ្នកកាសែតរូបនោះបានស្លាប់ដោយជំងឺ។ Sir Arthur Doyle ជាអ្នកនិពន្ធកម្រងរឿង Sherlock Holmes បាននិយាយថាលោកធ្លាប់បានព្រមានលោក Robinson ជាច្រើនដងហើយថាកុំទៅរវីរវល់ជាមួយនឹងអាមឈូសខ្មោចម៉ាំមីហ្នឹង ព្រោះវានាំតែមកហាយនៈតែប៉ុណ្ណោះ។
ក្រោយមកមឈូសបណ្តាសាត្រូវបានលក់ទៅបុរាណវិទូមានទ្រព្យសម្បត្តិជនជាតិអាម៉េរិកមួយរូបដែលមិនជឿសោះឡើយនូវរឿងនេះ ហើយអះអាងថារឿងហេតុកន្លងមកនោះសុទ្ធតែជារឿងចៃដន្យប៉ុណ្ណោះ។ លោកបានបញ្ជាទិញក្នុងតម្លៃប្រមាណ៥០ម៉ឹនដុល្លា (បើគិតតម្លៃបច្ចុប្បន្ននេះប្រមាណជាង១៨លានដុល្លារ) ហើយរៀបចំដឹកពីអង់គ្លេស ទៅកាន់អាម៉េរិកតាមកប៉ាលទីតានិច។ បើតាមរបាយការណ៍ នៅលើកប៉ាល់ទីតានិចមានមនុស្សសរុប ២,២០០នាក់ ដំឡូងបារាំង៤០តោន ទឹករ៉ែ១២,០០០ដប កាហ្វេ៧០០០បាវ ស៊ុតចំនួន៣៥,០០០គ្រាប់ និងមឈូសម៉ាំមីអេហ្សីបមួយ។
ដោយសារមានតម្លៃមហាសាលមឈូសនេះត្រូវបានរៀបចំដាក់នៅក្បែរបន្ទប់របស់កាពីតែនស្មីត ដែលជាមេបញ្ជាការកប៉ាល់ទីតានិចនាវេលានោះ។
នៅលើកប៉ាល់ទីតានិច មានអ្នកកាសែតអង់គ្លេសល្បីឈ្មោះម្នាក់ឈ្មោះ William T. Stead បាននិយាយរឿងខ្មោចម៉ាំមីលងនៅសារមន្ទីរអង់គ្លេស ប្រាប់អ្នកដំណើរនៅកប៉ាល់។ ក្រោយនិយាយបានតែពីរថ្ងៃកប៉ាល់ទីតានិច បានជួបគ្រោះថ្នាក់ ហើយអ្នកកាសែតរូបនោះ ព្រមទាំងអ្នកដំណើរជាង១៥០០នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត។
មានរឿងមួយទៀតនិយាយថាមុនពេលហេតុការណ៍កប៉ាល់ទីតានិចបុកភ្នំទឹកកក លោកកាពីតែនស្មីតបានចូលទៅមើលមឈូសបណ្តាសា ហើយពេលចេញមកវិញកែវភ្នែករបស់លោកមានលក្ខណៈកាចសាហាវប្រៀបបានដូចជាបីសាច ហើយបញ្ជាឲ្យកប៉ាល់បន្ថែមល្បឿនទោះបីកូនចៅឃើញភ្នំទឹកកកនៅខាងមុខហើយប្រាប់កាពីតែនក៏ដោយ តែលោកកាពីតែនមិនបានស្តាប់ ហើយលទ្ធផលគឺសោកនាដកម្មនៃកប៉ាល់ទីតានិចត្រូវលិចក្រោមមហាសមុទ្រអាត្លង់ទិកក្នុងជម្រៅប្រមាណ៤គ.ម ហើយគេជឿថាម៉ាំមីក៏នៅក្រោមបាតសមុទ្រជាមួយទីតានិចផងដែរ។ រឿងរ៉ាវមឈូសម៉ាំមីអេហ្សីបនៅលើកប៉ាល់ទីតានិចត្រូវបានផ្សព្វផ្សាយនៅលើកាសែតល្បី ទាំងនោះអាម៉េរិក និងអង់គ្លេសដូចជា Washington Post, New York Times, Daily Mail ជាដើម។
ក្រោយៗមកទៀតក៏មានពាក្យចចាមអារ៉ាមថាពួកកប៉ាល់មុជទឹកនានាដែលទៅស្រាវជ្រាវពីទីតានិចបានថតជាប់វិញ្ញាណខ្មោច ឬជួបរឿងហួសនិស្ស័យធម្មជាតិផងដែរ។ អ្នកខ្លះនៅតែមានជំនឿថាវិញ្ញាណម៉ាំមី និងអ្នកស្លាប់ផ្សេងៗទៀតកំពុងសម្រាកស្ងប់នៅក្នុងមហាសមុទ្រអាត្លង់ទិក ដោយមិនត្រូវការរំខាននានានោះឡើយ។
គួរបញ្ជាក់ផងដែរថា មានរឿងរ៉ាវជាច្រើនទាក់ទងនឹងមឈូសបណ្តាសានេះដូចជារឿងខ្មោចលងនៅចំណតរថភ្លើងក្រោមដីនៃទីក្រុងឡុងជាដើម (អាចរកអានបន្ថែមដោយស្វែងរកតែពាក្យ Princess Amun Ra) ហើយរហូតដល់ខ្លះនិយាយថាមឈូសបណ្តាសានេះគឺជាឈ្នួនបណ្តាឲ្យអង់គ្លេសចូលទៅក្នុងសង្រ្គាមលោកលើកទី១ផងដែរ។
ទាក់ទងរឿងកប៉ាល់មុជទឹកទីតង់ Titan របស់ក្រុមហ៊ុន Ocean Gate ទៅទស្សនាកប៉ាល់ទីតានិចនៅបាតសមុទ្រនេះអាចមិនមែនជារឿងបច្ចេកទេសតែមួយមុខក៏ថាបាន ព្រោះវាប្រៀបបានជាការចុះទៅរំខានសេចក្តីស្ងប់របស់គេ ហើយម៉្យាងវិញទៀតមានអ្នកខ្លះគេនិយាយថាសម្លេងដែលយន្តហោះស្រូបសម្លេងរបស់កាណាដាចាប់បានមុនពេលរកឃើញបំណែកទីតង់នោះ គឺដូចជាសម្លេងគោះចេញពីមឈូសដែលធ្លាប់ឮនៅក្នុងសារមន្ទីរអង់គ្លេសដូច្នោះដែរ។
បច្ចុប្បន្ននេះ គម្របមឈូសបណ្តាសា កំពុងដាក់តាំងនៅក្នុងសារមន្ទីរអង់គ្លេសដោយមានអត្ថលេខ 22542 ហើយមានឈ្មោះហៅថា Unlucky Mummy។ មាននរណាចង់ទៅទស្សនាទេ? បើទៅជួយប្រាប់ខ្ញុំផង!