បើគ្មានអ្វីប្រែប្រួលនោះទេ ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលចំណាយការវិនិយោគប្រមាណ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន លើទឹកប្រាក់ប្រមាណ១៥០លានដុល្លារ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ នៅព្រឹកថ្ងៃពុធ ទី៩ កុម្ភៈនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា បានគូសបញ្ជាក់ថា ក្រោយការដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នរួចហើយនោះ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តងក្នុងខែកញ្ញា ឆ្នាំ២០២២។
សូមរម្លឹកជូនថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែងមានប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន៨០កន្លែងមានប្រវែងសរុប៦.០១៥ម៉ែត្រ។ ជាមួយគ្នានេះ មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង៕