ភ្នំពេញ ៖ ដូចការគ្រោងទុកជាមុនសមាជិក-សមាជិកាចំនួន១១១រូប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បាននិងកំពុងបើកសម័យប្រជុំពិភាក្សា ដើម្បីឈានទៅដល់ការអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ចំនួន៦ទៀតដែលបានមកដល់ដៃខ្លួនកាលពីសប្តាហ៍មុន ។
យោងតាមរដ្ឋសភាកម្ពុជា សម័យប្រជុំលើកទី៩ នីតិកាលទី៦ នេះធ្វើឡើងក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកាចំនួន១១១រូប។ សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។ សម្តេច ហ៊ុន សែន បន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹ ក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។
សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត នឹងមានការផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល សម្រាប់អ្នកមានគំនិតរារាំងដល់ដំណើរការបោះឆ្នោត ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងផ្អាកជាបណ្តោះអាសន្នចំពោះបុគ្គលនោះរយៈពេល៥ឆ្នាំ ដោយមិនទាន់គិតទោសទណ្ឌផ្សេងទៀត និងពី១០លានរៀល ទៅ៣០លានរៀល ចំពោះគណបក្សនយោបាយដែលប្រព្រឹត្តិល្មើស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងផ្អាកបណ្តោះអាសន្នរយៈពេល៥ឆ្នាំក្នុងការចូលរួមបោះឆ្នោតមិនទាន់គិតពីទោសផ្សេងទៀត។
ក្រៅពីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត។ សមាជិក-សមាជិកា នៃរដ្ឋសភាកម្ពុជាក៏នឹង ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ មួយចំនួន ទៀតដូចខាងក្រោម៖
១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង
២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង
៥ – ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង
៦ – ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ទឹង មេទឹក ហាយដ្រូផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងមេទឹក អានុភាព១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង៕