កម្ពុជាដាក់ឱ្យដំណើការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ ជាផ្លូវការ

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសដាក់ឱ្យដំណើការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ ជាផ្លូវការ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការដាក់ឱ្យដំណើការនូវប្រព័ន្ធអាជីវកម្មខាងលើនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយមានការចូលរួមយ៉ាងច្រើនកុះករពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសមាគម និងដៃគូអភិវឌ្ឍន៍។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់ដ៏សំខាន់ និងមុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅសម្រួល និងសម្រាលបន្ទុករបស់ធុរជនក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានដាក់ដំណើរការ ដំណាក់កាលទី ១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយសម្រួលដល់នីតិវិធីនៃការធ្វើធុរកិច្ចទូទៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើគោលការណ៏កាត់បន្ថយនីតិវិធីស្មុគស្មាញ, កាត់បន្ថយចំណាយ និងកាត់បន្ថយថិរវេលា។

ជាមួយ នឹងការបន្តពង្រីកវិសាលភាព, ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ ត្រូវ បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដំណាក់កាលទី ៣ ក៏ត្រូវបានដាក់ដំណើរការជាបន្តបន្ទាប់ ។

ដំណើរការនៃប្រព័ន្ធនេះ នៅគ្រប់ដំណាក់កាល ពឹងផ្អែកលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data eXchange – CamDX) ជាឆ្អឹងខ្នងនៃការផ្លាស់ប្ដូរ ទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត។ សម្រាប់ការចូលស្នើសុំ សេវាណាមួយលើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ធុរជនអាចចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh ដែលជាគេហទំព័រប្រមូលផ្ដុំសេវាទាំងអស់ ដែលបានចូលរួមក្នុង ការងារទាំង ៣ ដំណាក់កាល។

ការដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាសមិទ្ធផលថ្មី មួយទៀតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឃ្លៀសវៃ និងប៉ិនប្រសប់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សមិទ្ធផលនេះ ស បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងភាពធន់របស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកសេដ្ឋកិច្ច និងសង្គមឌីជីថល ស្របតាមការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងឯកសារគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕